×

Brighton ប្រកាស​តែងតាំង​អ្នក​ចាត់ការថ្មី​ជាផ្លូវការ

Brighton បានតែងតាំងអតីតអ្នកចាត់ការទូទៅក្លិប Shakhtar Donetsk និងក្លិប Sassuolo លោក Roberto de Zerbi ជាអ្នកអ្នកចាត់ការទូទៅថ្មីរបស់ខ្លួនជាផ្លូវការ។

បុរសជនជាតិអ៊ីតាលីអាយុ 43 ឆ្នាំ បានទំនេរពីការងារ ចាប់តាំងពីចាកចេញពី Shakhtar កាលពីខែកក្កដា ដោយសារតែសង្គ្រាមនៅអ៊ុយក្រែន។

De Zerbi បានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល 4 ឆ្នាំនៅកីឡដ្ឋាន Amex ។ គាត់គឺជាជម្រើសដំបូងរបស់ Brighton ដើម្បីជំនួសលោក Graham Potter ដែលបានផ្ទេរទៅ Chelsea ក្នុងខែនេះ។

អតីតខ្សែបម្រើរបស់ Napoli លោក De Zerbi នឹងដឹកនាំ Brighton ទល់នឹង Liverpool នៅកីឡដ្ឋាន Anfield នៅថ្ងៃទី 1 ខែតុលា។

De Zerbi គឺជាអ្នកចាត់ការអចិន្ត្រៃយ៍ទី 3 របស់ Brighton ចាប់តាំងពីលោក Sami Hyypia លាលែងពីតំណែងកាលពីឆ្នាំ 2014 ។ គាត់បានហោះហើរទៅកាន់ប្រទេសអង់គ្លេស កាលពីយប់ថ្ងៃសុក្រ ហើយបានទស្សនាការប្រកួតមិត្តភាពនៅកីឡដ្ឋាន Amex កាលពីថ្ងៃសៅរ៍។

ដោយឈរនៅលេខ 4 នៅក្នុងក្របខណ្ឌ Premier League ក្លិប Brighton មិនទាន់បានប្រកួតចាប់តាំងពីការចាកចេញរបស់ Potter ដោយការប្រកួតជាមួយ Bournemouth និង Crystal Palace ត្រូវបានពន្យារពេល៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង