ជ័យជម្នះក្នុងដីសម្រាប់ការប្រកួត East Midlands Derby បានបន្ថយសម្ពាធខ្លះពីអ្នកចាត់ការ Leicester លោក Brendan Rodgers និងបានធ្វើឱ្យលោក Steve Cooper របស់ Forest កាន់តែរងសម្ពាធដែលក្រុមរបស់គាត់ឥឡូវនេះ បានបរាជ័យជាលើកទី 5 ជាប់ៗគ្នា។
ក្រុមកញ្ជ្រោង Leicester ដែលដណ្តើមបានមួយពិន្ទុពីការប្រកួត 7 លើកដំបូងរបស់ពួកគេនៅរដូវកាលនេះ និងជាក្រុមតែមួយគត់ដែលមិនទាន់ស្គាល់ពាក្យថាឈ្នះមុនការប្រកួតនោះ បានឡើងឈរលើក្រុម Forest ដែលធ្លាក់ទៅបាតតារាង EPL ដោយសារផលសងគ្រាប់បាល់។
Maddison បានរកគ្រាប់ដំបូងនៅនាទីទី 25 នៅពេលការស៊ុតពីខាងក្រៅប្រអប់របស់គេ បានផ្លាតចេញពីដៃរបស់ខ្សែការពារ Scott McKenna ហើយ Harvey Barnes ផ្ដល់ការនាំមុខគ្រាប់ទី 2 នៅពេលពីរនាទីបន្ទាប់។ Maddison បានស៊ុតបាល់ពិន័យហ្វ្រីឃីកយ៉ាងល្អឥតខ្ចោះនៅនាទីទី 35 ដើម្បីចូលបន្ថែមគ្រាប់ទី3 មុនចប់វគ្គទីមួយ។
កីឡាករបម្រុង Patson Daka ដែលចូលមកជំនួសអតីតខ្សែប្រយុទ្ធជម្រើសជាតិអង់គ្លេស Jamie Vardy នៅនាទីទី 62 បានបញ្ចប់ទីនៅនាទីទី 73 ដើម្បីធានាលទ្ធផល 4-0 នៅពេលចប់ការប្រកួត។
ជ័យជម្នះនេះ គឺជា Clean Sheet ជាលើកដំបូងរបស់ Leicester ក្នុងរដូវកាលនេះផងដែរ។ បច្ចុប្បន្ន ពួកគេមាន 4 ពិន្ទុ ក្នុង 8 ប្រកួត ដោយឈរនៅលេខ 19 ៕