Erling Haaland បានបន្តស៊ុតបញ្ចូលទី 2 គ្រាប់បន្ថែមទៀត ខណៈក្រុម Manchester City បានយកឈ្នះ Copenhagen 5-0 នៅក្នុងការប្រកួតនៃពានរង្វាន់ Champions League ពូល G ។
Haaland ត្រូវបានប្ដូរចេញនៅវគ្គទី 1 ដូច្នេះ គេបានខកខានការស៊ុតហែកទ្រីកទី 4 សម្រាប់ Man City ប៉ុន្តែការស៊ុតបញ្ចូលទី 2 គ្រាប់ក្នុងវគ្គទី 1 របស់គេ មានន័យថាឥឡូវនេះ Haaland មាន 19 គ្រាប់ក្នុង 12 ប្រកួតដំបូងរបស់គេសម្រាប់ក្រុមរបស់អ្នកចាត់ការ Pep Guardiola ។
ការបញ្ជូនបាល់ទាបរបស់ Cancelo បានឱ្យ Haaland បញ្ចប់ទីជាមួយនឹងការប៉ះបាល់លើកដំបូងរបស់គេក្នុងការប្រកួតនេះ នៅនាទីទី 7 ។ Haaland បានបន្ថែមគ្រាប់ទីពីរ នៅនាទី 32 បន្ទាប់ពីអ្នកចាំទីរបស់ Copenhagen សង្គ្រោះបាល់របស់ Sergio Gomez ។
ហើយ Gomez បានស៊ុតបាល់ផ្លាតពីរដងចេញពី Denis Vavro ហើយបន្ទាប់មក David Khocholava ចូលទៅក្នុងសំណាញ់ទី ដើម្បីផ្ដល់បាល់ Own Goal នៅនាទីទី 39។
Haaland ត្រូវបានជំនួសដោយ Cole Palmer នៅពេលចូលវគ្គទីពីរ ដើម្បីឱ្យសម្រាក ខណៈ Man City ទុកជើងសម្រាប់ការប្រកួតបន្ទាប់របស់ពួកគេទល់នឹង Southampton ។
Riyad Mahrez រកបាន 4-0 ពីការស៊ុតបាល់ប៉េណាល់ទី បន្ទាប់ពី Aymeric Laporte ត្រូវបានបង្កកំហុសនៅនាទី 55 បន្ទាប់មក ខ្សែប្រយុទ្ធអាល់ហ្សេរី បានបញ្ជូនឱ្យ Julian Alvarez ដើម្បីរកគ្រាប់បាល់ពីចម្ងាយ នៅនាទី 76 ។
Man City រកបាន 9 ពិន្ទុពេញពី 3 ប្រកួត ក្នុងពូល G ដោយនាំមុខ Dortmund 3 ពិន្ទុ និង Sevilla ព្រមទាំង Copenhagen 8 ពិន្ទុ។
ចំណែកការប្រកួតពានរង្វាន់ Champions League របស់ Chelsea បានទទួលជ័យជម្នះលើក្រុម AC Milan នៅកីឡដ្ឋាន Stamford Bridge ក្នុងលទ្ធផល 3-0 ។
អ្នកចាត់ការថ្មី Graham Potter ដឹងថាការទទួលជ័យជម្នះគឺជារឿងសំខាន់ បន្ទាប់ពីការចាប់ផ្តើមមិនល្អក្នុងវគ្គចែកពូលរបស់ពួកគេ ជាមួយនឹងការចាញ់ក្រៅដីដោយ Dinamo Zagreb មុនពេលស្មើជាមួយ Red Bull Salzburg ។
Wesley Fofana បានស៊ុតបញ្ចូលទីគ្រាប់ដំបូងរបស់គេសម្រាប់ក្លិបបន្ទាប់ពី 24 នាទី ប៉ុន្តែខ្សែការពារ 70 លានផោនត្រូវបានរបួស។
Reece James ជាអ្នកបញ្ជូនទៅឱ្យ Pierre-Emerick Aubameyang នៅនាទី 56 ដើម្បីបញ្ចប់ទីគ្រាប់ទីពីរសម្រាប់ Chelsea បន្ទាប់មក James គឺជាអ្នកបន្ថែមគ្រាប់ទីបីដោយខ្លួនឯង 5 នាទីក្រោយមក។
ពូល E ឆ្លងកាត់ 3 ប្រកួត ក្រុមទាំង 4 ខុសពិន្ទុគ្នាចន្លោះតែ 2 ពិន្ទុប៉ុណ្ណោះ។ Chelsea មាន 4 ពិន្ទុ ស្មើ AC Milan នៅក្រោម RB salzburg 1 ពិន្ទុ និងលើ Dinamo Zagreb 1 ពិន្ទុ៕