×

Man Utd វាយបក​ឈ្នះ​ក្រុម​របស់​សាយប្រឹស ខណៈ Arsenal ឈ្នះ​ក្រុមន័រវែស​យ៉ាងធូរ​នៅ UEL

ក្រុមបិសាចក្រហម Manchester United បានវាយបកយកឈ្នះក្រុម Omonia Nicosia នៅក្នុងប្រទេសសាយប្រឹស កាលពីយប់មិញ ដោយលទ្ធផល 2-3 ពានរង្វាន់ EUFA Europa League ពូល E ជាមួយនឹងគ្រាប់បាល់ 2គ្រាប់របស់ Marcus Rashford និង 1 គ្រាប់ Anthony Martial ដែលប្ដូរចូលក្នុងវគ្គទីពីរ ។

ក្រុម Omonia បានបើកការនាំមុខមុនដោយកីឡាករ Karim Ansarifard នៅនាទីទី 34 ប៉ុន្តែ Rashford បានស៊ុតតាមស្មើ 8 នាទីក្រោយកញ្ចែវគ្គទីពីរ មុននឹងបញ្ជូនឱ្យ Martial ស៊ុតនាំមុខគ្រាប់ទីពីរ នៅនាទីទី 63 ។ ខ្សែប្រយុទ្ធអង់គ្លេសដដែល បានបន្ថែមគ្រាប់ទី 3 ចេញពីការបញ្ជូនរបស់ Cristiano Ronaldo ដែលខកខានឱកាសមួយចំនួនក្នុងការប្រកួតនេះ នៅនាទីទី 84 ។

យ៉ាងណាមិញ ក្រុមសាយប្រឹស បានធ្វើការតាមពីក្រោយបាន 1 គ្រាប់ ពីកីឡាករ Panagiotou ត្រឹមតែ 1 នាទី បន្ទាប់ពីគ្រាប់បាលទី 3 របស់ក្រុមអង់គ្លេសបានកើតឡើង។

ជ័យជម្នះនេះ ធ្វើឱ្យ Man Utd ឈរនៅលេខ 2 ក្រោម Real Sociedad ចំនួន 3 ពិន្ទុ បន្ទាប់ពីលេងបាន 3 ប្រកួត។ ក្រុម Sheriff Tiraspol នៅលេខ 3 មាន 3 ពិន្ទុ ជាមួយនឹង Omonia Nicosia មាន 0 ពិន្ទុ។

ដោយឡែក ក្រុមកាំភ្លើងធំ Arsenal បានបំបាក់ក្រុមភ្ញៀវ Bodo/Glimt របស់ប្រទេសន័រវែស ដោយលទ្ធផល 3-0 ក្នុងពូល A ធ្វើឱ្យក្រុមរបស់លោក Mikel Arteta ឈរនៅលេខ 1 ។ គ្រាប់បាលរបស់ Nketiah, Holding និង Vieira បានធានាជ័យជម្នះលើកទី 2 ក្នុង 2 ប្រកួតរបស់ពួកគេ។

Arsenal បានឈ្នះ 4 ប្រកួតជាប់ៗគ្នានៅគ្រប់កម្មវិធីប្រកួតទាំងអស់ ដែលកំពុងឈរនៅកំពូលតារាងនៃក្របខណ្ឌ Premier League ផងដែរ។

ពួកគេនឹងត្រូវជួបជាមួយ PSV Eindhoven របស់ហុល្លង់ដែលតាមពីក្រោយពួកគេចំនួន 2 ពិន្ទុ នៅប្រកួតបន្ទាប់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង