×

ក្រុមអត់សំណាង Man City ស្មើ ខណៈ Chelsea ឈ្នះ ឡើងឈរ​កំពូល​តារាង​ក្នុងពូល UCL

Manchester City បានខកខានឱកាសស៊ុតបញ្ចូលទីក្នុងការទាត់បាល់ពិន័យ11 ម៉ែត្រ ហើយគ្រាប់បាល់មួយ ត្រូវ បានបដិសេធដោយ VAR ជាមួយនឹងសមាជិកម្នាក់របស់ខ្លួនទទួលបានកាតក្រហមថែមទៀត ក្នុងការប្រកួតស្មើគ្នា 0-0 ជាមួយ Copenhagen ប៉ុន្តែក្រុមមេឃខៀវ នៅតែបានឡើងដល់កាន់វគ្គ 16 ក្រុមចុងក្រោយនៃពានរង្វាន់ UEFA Champions League ។

ក្រុមរបស់លោក Pep Guardiola បានឡើងទៅវគ្គចាញ់ធ្លាក់ 1/8 បន្ទាប់ពី Sevilla បរាជ័យក្នុងការយកឈ្នះក្រុម Borussia Dortmund ក្នុងការប្រកួតមួយផ្សេងទៀតក្នុងពូល G ។

ការប្រកួតរវាង FC Copenhagen និង Man City មានភាពចម្រូងចម្រាសមួយចំនួន។ បន្ទាប់ពីការទាត់ដ៏អស្ចារ្យរបស់ Rodri សម្រាប់ Man City ត្រូវបានបដិសេធដោយ VAR ដោយសារបាល់ប៉ះដៃ ពេលការប្រកួតដំណើរការបាន 11 នាទី, Riyad Mahrez បានបន្តបរាជ័យនៅក្នុងការទាត់បាល់ប៉េណាល់ទី ដែលត្រូវបានជួយសង្គ្រោះដោយអ្នកចាំទី Kamil Grabara នៅនាទីទី 25 មុនពេលក្រុមរបស់លោក Guardiola ត្រូវបានផ្ដល់កាតក្រហមជូនដល់ Sergio Gomez ដោយសារកំហុសលើខ្សែប្រយុទ្ធវ័យ 19 ឆ្នាំ Hakon Haraldsson របស់ម្ចាស់ផ្ទះ។

ដូច្នេះ Man City ត្រូវបង្ខំចិត្តផ្លាស់ប្ដូរទម្រង់ និងលេងត្រឹមគ្នា 10 នាក់រហូតដល់ចប់។ ដោយឡែក ខ្សែប្រយុទ្ធ Erling Haaland ត្រូវបានទុកឱ្យអង្គុយនៅកៅអីបម្រុង ដើម្បីសម្រាក។

ដោយឡែក ក្រុមមកពីក្របខណ្ឌ Premier League ជាមួយគ្នា Chelsea បានដណ្ដើមជ័យជម្នះដ៏ងាយស្រួលពី AC Milan បន្ទាប់ពីអតីតខ្សែការពារក្រុមតោខៀវ Fikayo Tomori ទទួលបានកាតក្រហម តាំងពីនាទីទី 18 ដែលធ្វើឱ្យក្រុមម្ចាស់ផ្ទះសល់គ្នាតែ 10 នាក់។

Tomori ត្រូវបានបណ្ដេញចេញពីការទាញ Mason Mount ហើយ Jorginho ជាអ្នកស៊ុតប៉េណាល់ទី សម្រេចគ្រាប់ទីមួយ។ Pierre-Emerick Aubameyang បានបន្ថែមគ្រាប់ទីពីរ នៅនាទីទី 34 ទៅលើអតីតក្លិបរបស់គាត់។

ប៉ុន្តែ ជាដំណឹងអាក្រក់សម្រាប់ Chelsea និង ក្រុមជម្រើសជាតិអង់គ្លេស ដោយសារខ្សែ ការពារស្តាំ Reece James បានជួបជាមួយនឹងបញ្ហារបួសនៅក្នុងវគ្គទីពីរ។

ជ័យជម្នះនេះ បន្តការចាប់ផ្តើមមិនដែលចាញ់របស់លោក Graham Potter ក្នុងនាមជាអ្នកចាត់ការ Chelsea ជាមួយនឹងការឈ្នះ 4 ដងក្នុង 5 ប្រកួតដំបូងរបស់គាត់។

Chelsea បានរំកិលឡើងឈរកំពូលតារាងពូល E ដោយមាន 7 ពិន្ទុពីការប្រកួតចំនួន 4 ប៉ុន្តែមិនទាន់សុវត្ថិភាពទេ ដោយក្រុម Red Bull Salzburg មាន 6 ពិន្ទុ ហើយទាំង AC Milan និង Dinamo Zagreb មាន 4 ពិន្ទុ ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង