Nottingham Forest បានបញ្ឈប់ប្រធានផ្នែកជ្រើសរើសបុគ្គលិក លោក George Syrianos និងប្រធានផ្នែកតាមដានកីឡាករ លោក Andy Scott បន្ទាប់ពីក្រុម ទទួលលទ្ធផលមិនល្អទោះបីជាបានចំណាយទឹកប្រាក់ជាច្រើនក៏ដោយ។
Forest បាននាំយកកីឡាករថ្មីចំនួន 22 នាក់នៅក្នុងទីផ្សារដោះដូរកីឡាករកន្លងទៅ បន្ទាប់ពីឡើងទៅកាន់ក្របខណ្ឌ Premier League កាលពីខែឧសភា។ ជារួម ពួកគេបានចំណាយប្រាក់ជិត 150 លានផោន។
លោក Steve Cooper អ្នកចាត់ការក្រុម ត្រូវបានរាយការណ៍ថាបានជួបការលំបាកក្នុងការដឹកនាំសមាជិកថ្មី ដោយបច្ចុប្បន្ន Forest បានធ្លាក់ដល់ចំណាត់ថ្នាក់លេខ 19 ។ Forest ទទួលបានតែមួយពិន្ទុប៉ុណ្ណោះ ក្នុងការប្រកួត 6 ដងចុងក្រោយ។
កាលពីសប្ដាហ៍កន្លងទៅ ម្ចាស់ក្លិបដែលមានឈ្មោះថា Evangelos Marinakis បានសម្រេចចិត្ត បញ្ចប់តួនាទីរបស់លោក Syrianos និង Scott ៕