×

Liverpool លត់​ក្រុមស្កុតឡែន 7-1 ស្របពេល​ដែល Spurs ឈ្នះក្រុម​អាល្លឺម៉ង់​នៅ UCL

Mohamed Salah ត្រូវបានប្ដូរចូលពីកៅអីបម្រុង ដើម្បីរកគ្រាប់បាល់ហែកទ្រីក ក្នុងរយៈពេលត្រឹមតែ 6 នាទី ខណៈ Liverpool បានបំបាក់ក្រុម Rangers យ៉ាងចាស់ដៃ ក្នុងលទ្ធផល 7-1 នៅក្នុងប្រទេសស្កុតឡែន ក្នុងពានរង្វាន់ UEFA Champions League ។

សូមសញ្ជាក់ថា Salah បានស៊ុតបាល់បញ្ចូលទីចំនួន 3 គ្រាប់យ៉ាងលឿន ក្នុងរយៈពេលត្រឹមតែ 13 នាទីដំបូងរបស់គាត់នៅលើទីលានប៉ុណ្ណោះ។

ក្រុមម្ចាស់ផ្ទះ បាននាំមុខមុនដោយ Scott Arfield តាំងពីនាទីទី 17 ប៉ុន្តែ Roberto Firmino បានរកគ្រាប់បាល់ចំនួន 2 គ្រាប់ ជាមួយ Darwin Nunez រកបាន 1 គ្រាប់។ Salah ដែលប្ដូរចូលជំនួស Nunez នៅនាទីទី 68 បានចាប់ផ្ដើមស៊ុតបន្ថែមគ្រាប់បាល់ឱ្យក្រុមហង្សក្រហម នៅនាទីទី 76, 80 និង 81 មុនពេលដែល Harvey Elliott ជាអ្នកបង្ហើយគ្រាប់ទី 7 បន្ទាប់ពីការត្រួតពិនិត្យ VAR ពេលសល់ 3 នាទីចុងក្រោយនៃការប្រកួត។

លទ្ធផលនេះ មានន័យថា ក្លិបមកពីក្របខណ្ឌ Premier League គ្រាន់តែត្រូវការស្មើជាមួយ Ajax ក្នុងទីក្រុងអាំស្ទើដាំ នៅប្រកួតក្រោយ ដើម្បីឈានទៅវគ្គបន្ទាប់។ Liverpool មាន 9 ពិន្ទុ ក្នុងពូល A ក្នុង 4 ប្រកួត ឈរនៅលេខ 2 ស្របពេលដែល Ajax មានតែ 3 ពិន្ទុ ឈរលេខ 3 ដោយនៅសល់ 2 ប្រកួតទៀត។

ដោយឡែក Son Heung-min រកបានពីរគ្រាប់ ខណៈ Tottenham Hotspur បានយកឈ្នះក្រុម Eintracht Frankfurt ដែលសល់គ្នា 10 នាក់ ដើម្បីឡើងមកកំពូលតារាងពូល D នៃពានរង្វាន់ Champions League ។

Frankfurt បាននាំមុខមុន នៅពេល Eric Dier បាត់បង់បាល់ ហើយ Daichi Kamada ត្រូវបានស៊ុតបញ្ចូលទីពីចម្ងាយនៅនាទី 14 ប៉ុន្តែ Harry Kane បានបញ្ជូនឱ្យ Son ដើម្បីតាមស្មើវិញ នៅ 6 នាទីក្រោយមក។

ប្រធានក្រុមជម្រើសជាតិអង់គ្លេស Kane បានស៊ុតបាល់បញ្ចូលទីពីការស៊ុតបាល់ប៉េណាល់ទី នៅនាទីទី 28 ហើយ Son បានផ្ដល់ការនាំមុខ ក្នុងលទ្ធផល 3-1មុនចប់វគ្គទីមួយ។

កីឡាករ Tuta របស់ Frankfurt ត្រូវបានពិន័យកាតលឿងជាលើកទីពីរស្មើនឹងកាតក្រហម សម្រាប់ការទាញ Son ដួលនៅដើមវគ្គទីពីរ ប៉ុន្តែការតែតបាល់បញ្ចូលទីរបស់ Faride Alidou បានធ្វើឱ្យលទ្ធផលទៅជា 3-2 ដោយនៅសល់បីនាទីទៀតមុនចប់ការប្រកួត។ លទ្ធផលនេះ មិនមានការប្រែប្រួលឡើយ ទោះបីជា Kane បានខកខានការស៊ុតបាល់ប៉េណាល់ទីបញ្ចូលទីទី 2 របស់ខ្លួន ក្នុងម៉ោងបន្ថែមក៏ដោយ។

ការទទួលជ័យជម្នះមានន័យថា Spurs ឈរលើកំពូលតារាង ដោយឈ្នះពីរដង ពីការប្រកួតចំនួន 4 មាន 7 ពិន្ទុ ខណៈ Frankfurt ធ្លាក់ទៅបាតតារាងដោយមាន 4 ពិន្ទុ។ Marseille នៅលេខ 2 ស្មើជាមួយនឹង Sporting ដែលមាន 6 ពិន្ទុដូចគ្នា៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង