ការប្រកួតនៃក្របខណ្ឌ Premier League បានត្រលប់មកវិញហើយនៅពាក់កណ្តាលសប្តាហ៍នេះ ដោយចាប់ផ្តើមជាមួយការប្រកួតរវាង Brighton ដែលជាម្ចាស់ផ្ទះ ទទួលស្វាគមន៍ Nottingham Forest ដែលមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ MyTV តែមួយគត់ វេលាម៉ោង 1:30 នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃពុធ ទី 19 ខែ តុលា ឆ្នាំ 2022 ។
ក្រុមម្ចាស់ផ្ទះ បានស្មើក្នុងការប្រកួតដំបូងរបស់អ្នកចាត់ការថ្មី Roberto De Zerbi ទល់នឹងក្រុម Liverpool ប៉ុន្តែបានរងបរាជ័យពីរប្រកួតជាប់ៗគ្នា ដោយមិនមានគ្រាប់បាល់ស៊ុតបញ្ចូលទីនោះទេ ដែលបានចាញ់ Spurs 1-0 និង Brentford 2-0 ។ ចំណែក Forest បានចាញ់ 6 ប្រកួតក្នុងចំណោម 7 ប្រកួតចុងក្រោយរបស់ពួកគេ ដែលធ្វើឱ្យអ្នកចាត់ការទូទៅ Steve Cooper កំពុងរងសម្ពាធយ៉ាងខ្លាំង។
សម្រាប់ Brighton ខ្សែបម្រើស្លាប Kaoru Mitoma អាចនឹងខកខានការប្រកួតនេះ ដោយសារបញ្ហាកជើង ពេលប៉ះជាមួយ Brentford ។ Jakub Moder ក៏អវត្តមានផងដែរ។ កីឡាករ Enock Mwepu បានចូលនិវត្តន៍ពីបាល់ទាត់ ដោយសារតែស្ថានភាពបេះដូង ដេលបង្ខំឱ្យគេចូលនិវត្តន៍មុនកាលកំណត់។
ដោយឡែក N. Forest នៅតែគ្មានកីឡាករ Moussa Niakhate របួសភ្លៅ, Jack Colback របួសខ្នង និង Omar Richards របួសកំភួនជើង។
នេះអាចជាជម្រើស 11 នាក់របស់ Brighton ដែលអាចប្រើប្រាស់ទម្រង់ 3-4-2-1៖
Sanchez; Veltman, Dunk, Webster; March, Mac Allister, Caicedo, Estupinan; Trossard, Gross; Welbeck
នេះអាចជាជម្រើស 11 នាក់របស់ N. Forest ដែលអាចប្រើប្រាស់ទម្រង់ 4-3-3 ៖
Henderson; Williams, Cook, McKenna, Toffolo; Mangala, Yates, Freuler; Lingard; Awoniyi, Dennis
ក្រុមការងារ CBS Sport ទស្សន៍ទាយថា ក្រុមទាំងពីរ នឹងអាចមានលទ្ធផលសរុបតិចជាង 3 គ្រាប់៖ Brighton 1-0 N. Forest ៕