×

Mason Greenwood ត្រូវបាន​ដោះលែង​ឱ្យ​នៅ​ក្រៅឃុំ​សាជាថ្មី

Mason Greenwood របស់ Manchester United ត្រូវបានតុលាការដោះលែងឱ្យនៅក្រៅឃុំ បន្ទាប់ពីសវនាការមួយ នៅថ្ងៃនេះ។

កីឡាករបាល់ទាត់ដែលត្រូវបានចោទប្រកាន់ពីបទប៉ុនប៉ងរំលោភ ប្រើហិង្សា និងបង្ខិតបង្ខំនោះ ត្រូវបានអនុញ្ញាតឱ្យនៅក្រៅឃុំ បន្ទាប់ពីសវនាការនៅតុលាការ Minshull Street Crown ក្នុងទីក្រុង Manchester ។

កីឡាកររូបនេះ បានបង្ហាញខ្លួននៅតុលាការ Manchester Magistrates កាលពីថ្ងៃចន្ទ ហើយត្រូវបានឃុំខ្លួន នៅពេលនោះផងដែរ។ គេត្រូវបានចាប់ខ្លួនសាជាថ្មី កាលពីថ្ងៃសៅរ៍ សប្ដាហ៍មុន ដោយសារបំពានលក្ខខណ្ឌនៅក្រៅឃុំ។

បន្ទាប់ពីសវនាការនាថ្ងៃពុធ ទី 19 ខែតុលានេះ អ្នកនាំពាក្យ បាននិយាយថា ការនៅក្រៅឃុំត្រូវបានផ្តល់ដោយលក្ខខណ្ឌមិនត្រូវទាក់ទងជាមួយសាក្សី រួមទាំងដើមបណ្តឹង និងត្រូវស្នាក់នៅតាមអាសយដ្ឋាននៅផ្លូវ Bow Green ក្នុងទីក្រុង Bowdon ។

Greenwood នឹងត្រូវបង្ហាញខ្លួននៅតុលាការម្ដងទៀត នៅថ្ងៃទី 21 ខែវិច្ឆិកា៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង