Manchester United បានបង្ហាញទម្រង់លេងដ៏ល្អបំផុតរបស់ពួកគេ ក្រោមការដឹកនាំរបស់អ្នកចាត់ការ Erik ten Hag នៅពេលដែលពួកគេបានយកឈ្នះក្រុមភ្ញៀវ Tottenham Hotspur ដោយលទ្ធផល 2-0 ក្នុងការប្រកួតក្របខណ្ឌ Premier League នៅកីឡដ្ឋាន Old Trafford ។
Man Utd គួរតែអាចរកគ្រាប់បាល់បានច្រើនជាងនេះ ប៉ុន្តែភាពអស្ចារ្យរបស់អ្នកចាំទី Hugo Lloris របស់ Spurs បានបដិសេធការព្យាយាមទាត់ចំគោលដៅ 5 ដងរបស់ពួកគេនៅក្នុងវគ្គទីមួយ។
United មានស្ថិតិនៃការស៊ុតចំនួន 28 ដង និងចំគោលដៅ 10 ដង ខណៈ Spurs ព្យាយាម 9 ដង ចំគោលដៅ 2 ដង។
ទីបំផុត Fred បានបើកការនាំមុខសម្រាប់ Man Utd ពីរនាទីបន្ទាប់ពីការសម្រាកវគ្គទីមួយ នៅពេលដែល Lloris មិនអាចជួយសង្គ្រោះបាល់ផ្លាតចេញពី Ben Davies ។ នៅនាទីទី 69 Bruno Fernandes ទាត់ជើងស្តាំផុត Lloris ដើម្បីផ្ដល់ការនាំមុខគ្រាប់ទីពីរ។
ជ័យជម្នះ នេះ បានរក្សាក្រុម Manchester United ឱ្យឈរនៅលេខ 5 ក្នុងតារាង ដែលតាមពីក្រោយក្រុមកំពូលតារាង Arsenal ចំនួន 8 ពិន្ទុ និងចាញ់ក្រុមលេខ 4 Chelsea 1 ពិន្ទុ ខណៈ Spurs បាត់បង់ឱកាសក្នុងការឡើងមកពីលើ Manchester City និងបន្តនៅលេខ 3 ។
សម្រាប់ការប្រកួតមួយគូទៀត Darwin Nunez បានស៊ុតបញ្ចូលទីគ្រាប់ដំបូងរបស់ខ្លួន នៅកីឡដ្ឋាន Anfield សម្រាប់ Liverpool ហើយ Alisson បានសង្គ្រោះបាល់ប៉េណាល់ទី ខណៈក្រុមហង្សក្រហម បានយកឈ្នះក្រុម West Ham ដោយលទ្ធផល 1-0 ។
Nunez បានតែតបាន Cross របស់ Kostas Tsimikas ហួសពីដៃរបស់អ្នកចាំទី Lukasz Fabianski នៅក្នុងនាទីទី 22 ។ Nunez មានឱកាសក្នុងការនាំមុខគ្រាប់ទីពីរ ប៉ុន្តែ Fabianski អាចជួយសង្គ្រោះបាន មុនពេលដែល West Ham ទទួលបានបាល់ប៉េណាល់ទី បន្ទាប់ពីកំហុសរបស់ Joe Gomez ទៅលើ Jarrod Bowen ។
Bowen ជាអ្នកស៊ុតប៉េណាល់ទីដោយខ្លួនឯង ប៉ុន្តែ Alisson បានសង្គ្រោះបាល់នេះយ៉ាងល្អ។ ជ័យជម្នះនេះ បានធ្វើឱ្យក្រុមហង្សក្រហម ឡើងឈរលេខ 7 ជាមួយនឹង 16 ពិន្ទុ ខណៈ West Ham បន្តឈរនៅលេខ 13 ជាមួយនឹង 11 ពិន្ទុ៕