×

អ្នកវិភាគ​អះអាងថា Ronaldo មិន​សប្បាយចិត្ត​នឹង​ចំណាត់ការ​របស់​ក្លិប

យោងតាមការវិភាគរបស់ BBC (Simon Stone) ឱ្យដឹងថា Cristiano Ronaldo ត្រូវបានដកចេញពីបញ្ជីឈ្មោះក្រុម សម្រាប់ការប្រកួតទល់នឹង Chelsea នៅកីឡដ្ឋាន Stamford Bridge ដែលជាវិធានការវិន័យ ហើយក្លិប Manchester United បានគាំទ្រការសម្រេចចិត្តរបស់អ្នកចាត់ការទូទៅ Erik ten Hag 100% ។

ទោះបីជាប្រភពរបស់ Man United បានអះអាងថា តារាឆ្នើមព័រទុយហ្គាល់ នៅតែជាសមាជិកសំខាន់នៃក្រុមរបស់ Ten Hag ក៏ដោយ ក៏វាត្រូវបានគេយល់ថា កីឡាករវ័យ 37 ឆ្នាំរូបនេះ អាចនឹងស្វែងរកក្លិបថ្មី នៅពេលដែលទីផ្សារដោះដូរកីឡាករបើកនៅខែមករា ឆ្នាំ 2023 ។

BBC បានរាយការណ៍កាលពីដើមរដូវកាលនេះថា វត្តមានរបស់ Ronaldo អាចបណ្តាលឱ្យមានបញ្ហា ។ ឥឡូវនេះ Ronaldo មានអារម្មណ៍ថា គាត់មិនទទួលបានការគោរពពីក្លិបនោះទេ ហើយគាត់មិនសមនឹងប្រព័ន្ធលេងរបស់ Ten Hag នោះដែរ។

Ronaldo នឹងនៅសល់កុងត្រារយៈពេល 6 ខែ នៅខែមករាខាងមុខនេះ។ ដើម្បីជាប្រយោជន៍សម្រាប់ភាគីទាំងពីរ ប្រភពបានបន្តថា ការចែកផ្លូវគ្នា គឺជាអ្វីដែលត្រូវកើតឡើង។ ទោះជាយ៉ាងណា ទាំងក្លិប និងសាមីកីឡាករ នឹងមានភាពស្ងៀមស្ងាត់ក្នុងរយៈពេល 3 សប្តាហ៍កន្លះទៀតរហូតដល់ Ronaldo ចាកចេញទៅចូលរួមជាមួយព័រទុយហ្គាល់ ដើម្បីត្រៀម World Cup នៅកាតា។

ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ បានដើរចេញពី Old Trafford មុនពេលបញ្ចប់ការប្រកួតដែល Man Utd បានទទួលជ័យជម្នះ 2-0 លើក្រុម Tottenham Hotspur ដែលគាត់បានស្ថិតនៅកៅអីបម្រុង៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង