ក្នុងរយៈពេលមួយសប្ដាហ៍នេះ ការប្រកួត Premier League មានភាពមមាញឹកខ្លាំង ដោយសារកាលវិភាគ World Cup កាន់តែខិតជិត។ បន្ទាប់ពីការប្រកួតពាក់កណ្ដាលសប្ដាហ៍ ក្លិបទាំងអស់ នឹងវិលត្រឡប់មកកាន់ការប្រកួតជាថ្មី នៅចុងសប្ដាហ៍នេះ។
CBS នឹងធ្វើការផ្សាយបន្តផ្ទាល់ការប្រកួតចំនួន 4 គូ សម្រាប់សប្ដាហ៍ទី 13 ។ នៅថ្ងៃសៅរ៍ ទី 22 ខែតុលា ជំនួបរវាង Nottingham Forest និង Liverpool នឹងមានការផ្សាយបន្តផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ MyTV ចាប់ពីម៉ោង 18:30 នាទីតទៅ។ ក្រុមភ្ញៀវហង្សក្រហម កំពុងតែវិលត្រឡប់ទៅកាន់ទម្រង់ដ៏ល្អរបស់ពួកគេវិញ បន្ទាប់ពីយកឈ្នះ Manchester City និង West Ham ក្នុងរយៈពេលមិនដល់ 1 សប្ដាហ៍ឡើយ។ កូនក្រុមរបស់លោក Jurgen Klopp ត្រូវបានគេរំពឹងថា នឹងអាចបន្តរកបាន 3 ពិន្ទុ នៅពេលដែលពួកគេត្រូវជួបក្រុមបាតតារាង N. Forest ។
នៅថ្ងៃដដែល វេលាម៉ោង 21:00 នាទីតទៅ MyTV នឹងផ្សាយបន្តផ្ទាល់ការប្រកួតរបស់ Manchester City ទល់នឹង Brighton ។ កូនក្រុមរបស់លោក Pep Guardiola មិនមានការប្រកួតនោះទេ កាលពីពាក់កណ្ដាលសប្ដាហ៍ បន្ទាប់ពីការបរាជ័យ 1-0 ក្រោមថ្វីជើងរបស់ Liverpool កាលពីចុងសប្ដាហ៍មុន។ ប៉ុន្តែពួកគេនឹងព្យាយាមដណ្ដើមជ័យជម្នះពី Brighton ដែលមិនទាន់រកឃើញជ័យជម្នះនៅឡើយ បន្ទាប់ពីការចាកចេញរបស់លោក Graham Potter ។
នៅថ្ងៃអាទិត្យ ទី 23 ខែតុលា CBS នឹងធ្វើការផ្សាយបន្តផ្ទាល់ចំនួន 2 គូទៀត រវាង Southampton ជាមួយ Arsenal, និង Tottenham Hotspur ជាមួយ Newcastle United ។
Arsenal នឹងធ្វើដំណើរទៅកាន់កីឡដ្ឋានរបស់ Southampton ដើម្បីស្វែងរក 3 ពិន្ទុបន្ថែម ដើម្បីរក្សាចំណាត់ថ្នាក់កំពូលតារាងរបស់ពួកគេ។ ការប្រកួតនេះ នឹងមានផ្សាយបន្តផ្ទាល់នៅ CTN ចាប់ពីម៉ោង 20:00 នាទីតទៅ។
បន្ទាប់មកទៀត នៅម៉ោង 22:30 នាទី CTN នឹងផ្សាយការប្រកួតរបស់ Spurs ដែលនឹងស្វាគមន៍ Newcastle បន្ទាប់ពីពួកគេបានវិលប្រឡប់ពីបរាជ័យទល់នឹង Man Utd កាលពីពាក់កណ្ដាលសប្ដាហ៍។ នេះមិនមែនជាការប្រកួតដ៏ងាយស្រួលនោះទេក្នុងការជួបជាមួយក្រុមសារិកាព្រៃ ដែលស្គាល់ពាក្យថាចាញ់តែ 1 ប្រកួតប៉ុណ្ណោះក្នុងរដូវកាលនេះ៕