Granit Xhaka គឺជាអ្នកស៊ុតគ្រាប់បាល់ជ័យជម្នះតែមួយគត់ សម្រាប់ Arsenal ទៅលើ PSV Eindhoven នៅកីឡដ្ឋាន Emiratesដែលធ្វើឱ្យក្រុមកាំភ្លើងធំ កាន់តែមានភាគរយខ្ពស់ដើម្បីឆ្លងទៅវគ្គ 16 ក្រុមចុងក្រោយនៃពានរង្វាន់ UEFA Europa League ដោយស្វ័យប្រវត្តិ។
លទ្ធផលនេះ បានធ្វើឱ្យក្រុមរបស់លោក Mikel Arteta មាន 5 ពិន្ទុដាច់នៅលើកំពូលនៃពូល A បន្ទាប់ពីពួកគេ បានរក្សាកំណត់ត្រាឈ្នះ 100% របស់ពួកគេ។
វាក៏ជាជ័យជម្នះលើកទី 8 ជាប់ៗគ្នារបស់កាំភ្លើងធំនៅគ្រប់កម្មវិធីប្រកួតទាំងអស់។ Gabriel Jesus និង Bukayo Saka មានឱកាសល្អសម្រាប់ស្វែងរកគ្រាប់ឱ្យ Arsenal ផងដែរ ប៉ុន្តែការបញ្ចប់ទីមិនបានល្អ និងការជួយសង្គ្រោះដ៏ល្អរបស់អ្នកចាំទី Walter Benitez របស់ PSV បានការពារមិនឱ្យមានគ្រាប់បាល់បន្ថែមទៀតឡើយ។
គ្រាប់បាល់របស់កីឡាករអន្តរជាតិស្វីស Xhaka នៅនាទីទី 70 គឺជាគ្រាប់តែមួយគត់សម្រាប់ការប្រកួតដែលបញ្ចប់ដោយលទ្ធផល 1-0 ។
Arsenal នឹងអាចឈានទៅវគ្គចាញ់ធ្លាក់ ប្រសិនបើពួកគេ រកបានមួយពិន្ទុក្នុងការប្រកួតក្រោយទល់នឹង PSV នៅហុល្លង់៕