Manchester City នឹងបើកទ្វារកីឡដ្ឋាន Etihad ស្វាគមន៍ Brighton ក្នុងការប្រកួតក្របខណ្ឌ Premier League ដែលមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ MyTV នាថ្ងៃសៅរ៍ ទី 22 ខែតុលា ឆ្នាំ 2022 ចាប់ពីម៉ោង 21:00 នាទីតទៅ។
ក្រុមរបស់លោក Pep Guardiola បានរងបរាជ័យជាលើកដំបូងក្នុងរដូវកាលនេះ ក្រោមថ្វីជើងរបស់ Liverpool កាលពីចុងសប្តាហ៍មុន ប៉ុន្តែពួកគេនៅតែស្ថិតក្នុងចំណាត់ថ្នាក់លេខ 2 ក្នុងតារាង។
លោក Roberto De Zerbi អ្នកចាត់ការថ្មីរបស់ Brighton បានប្រើប្រាស់ទម្រង់ដើមរបស់អតីតអ្នកចាត់ការ Graham Potter ប៉ុន្តែពួកគេមិនទាន់បានភ្លក់រសជាតិជ័យជម្នះនោះទេ ក្រោមការដឹកនាំរបស់អ្នកចាត់ការសញ្ជាតិអ៊ីតាលី។
លោក Guardiola មិនទាន់អាចដាក់ John Stones ឱ្យលេងសម្រាប់ការប្រកួតនេះបានទេ ដោយសារបញ្ហារបួសសរសៃពួរ។ Kalvin Phillips មិនទាន់ជាសះស្បើយ 100% ពីរបួសស្មា ខណៈ Kyle Walker រំពឹងថានឹងជាសះស្បើយពីបញ្ហាក្រលៀន ដើម្បីបង្ហាញខ្លួនក្នុងការប្រកួត World Cup ប៉ុន្តែគេទំនងជាមិនទាន់អាចចូលលេងឱ្យ City បានទេ។
លោក De Zerbi នឹងគ្មាន Kaoru Mitoma រហូតដល់ខែវិច្ឆិកា បន្ទាប់ពីខ្សែបម្រើជប៉ុន បានរបួសកជើង។ Levi Colwill របួស ខណៈ Jakub Moder អវត្តមានរយៈពេលវែង។
នេះអាចជាជម្រើស 11 នាក់ដំបូងរបស់ Man City ដែលអាចប្រើប្រាស់ទម្រង់ (4-3-3) ៖
Ederson; Akanji, Dias, Ake, Cancelo; De Bruyne, Rodri, Gundogan; Foden, Haaland, Grealish
នេះអាចជាជម្រើស 11 នាក់ដំបូងរបស់ Brighton ដែលអាចប្រើប្រាស់ទម្រង់ (3-4-2-1) ៖
Sanchez; Veltman, Dunk, Webster; March, Mac Allister, Caicedo, Trossard; Gross, Lallana; Welbeck
ក្រុមការងារ CBS Sport ទស្សន៍ទាយថា ក្រុមទាំងពីរ នឹងអាចមានលទ្ធផលសរុបលើសពី 3 គ្រាប់៖ Man City 3-1 Brighton ៕