Aston Villa បានទទួលជ័យជម្នះជាលើកដំបូង បន្ទាប់ពី Steven Gerrard ត្រូវបានបញ្ចប់តួនាទី ខណៈពួកគេបានយកឈ្នះ Brentford នៅកីឡដ្ឋាន Villa Park ក្នុងលទ្ធផល 4-0 ដែលជាជ័យជម្នះជាលើកទី 3 របស់ពួកគេនៃរដូវកាលនេះ។
Gerrard អតីតប្រធានក្រុម Liverpool ត្រូវបានបញ្ឈប់ពីការងារជាអ្នកចាត់ការទូទៅរបស់ Villa កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីការបរាជ័យយ៉ាងធ្ងន់ធ្ងរនៅ Fulham ហើយលោក Aaron Danks បានទទួលបន្ទុកបណ្ដោះអាសន្ន កាលពីថ្ងៃអាទិត្យ។
Villa បាននាំមុខ 3-0 ក្នុងរយៈពេលត្រឹមតែ 15 នាទីដំបូងនៃការប្រកួតតែប៉ុណ្ណោះ។ Leon Bailey ធ្វើបានគ្រាប់ទីមួយនៅនាទី 2 មុនពេលដែល Danny Ings ជាអ្នកបន្ថែមគ្រាប់ទីពីរ និងទីបី នៅនាទី 7 និង ទី 14 ។ ខ្សែប្រយុទ្ធ Ollie Watkins បន្ថែមគ្រាប់ទី 4 នៅពេលដែលបានបញ្ចប់ទីពីចម្ងាយ។
ជ័យជម្នះនេះ បានធ្វើឱ្យ Villa ឡើងមកឈរនៅលេខ 14 ក្នុងតារានៃក្របខណ្ឌ Premier League ដោយមាន 3 ពិន្ទុពីលើក្រុមបាតតារាងទាំង 3 ក្រុម។ ដោយឡែក Brentford ឈរនៅលេខ 10 មាន 14 ពិន្ទុ៕