ការប្រកួតនៃក្របខណ្ឌ Premier League បានឈានចូលសប្ដាហ៍ទី 14 ដែលការប្រកួតកាន់តែក្ដៅគគុក នៅពេលដែលសល់រយៈពេលប្រហែលជា 3 សប្ដាហ៍ទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍ FIFA World Cup 2022 នឹងឈានចូលមកដល់។
Manchester City នៅតែបន្តដាក់សម្ពាធទៅលើ Arsenal ដែលបានស្មើកាលពីប្រកួតមុនជាមួយ Southampton ដែលធ្វើឱ្យគម្លាតរវាងក្រុមទាំងពីរត្រូវបានកាត់បន្ថយមកសល់ត្រឹមតែ 2 ពិន្ទុនៅក្នុងតារាង Premier League គិតត្រឹមសប្ដាហ៍ទី 13 ។
Manchester City នឹងទៅសួរសុខទុក្ខ Leicester City នៅកីឡដ្ឋាន King Power របស់ក្រុមកញ្ជ្រោងដែលនឹងមានផ្សាយបន្តផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ MyTV នៅថ្ងៃសៅរ៍ ទី 29 ខែតុលា ឆ្នាំ 2022 ចាប់ពីម៉ោង 18:00 នាទីតទៅ។
នៅថ្ងៃសៅរ៍ដដែល Brighton នឹងស្វាគមន៍ Chelsea ដែលមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ MyTV ចាប់ពីម៉ោង 21:00 នាទីតទៅ។ នេះគឺជាការជួបគ្នារវាងកូនក្រុមចាស់ និងអតីតអ្នកចាត់ការទូទៅរបស់ពួកគេ គឺលោក Graham Potter ដែលបច្ចុប្បន្នកំពុងដឹកនាំក្រុមតោខៀវបានយ៉ាងល្អ។ គួរឱ្យកត់សម្គាល់ សម្រាប់ក្រុមម្ចាស់ផ្ទះ គឺមិនទាន់ស្គាល់ពាក្យថាឈ្នះនោះទេ ចាប់តាំងពីការចាកចេញរបស់អ្នកចាត់ការសញ្ជាតិអង់គ្លេសរូបនេះ។ លោក Roberto de Zerbi ដែលជាអ្នកចាត់ការថ្មីរបស់ពួកគេ មិនទាន់កត់ត្រាការចាញ់ 3 និងស្មើ 2 ក្នុងការដឹកនាំរបស់គាត់ ដែលធ្វើឱ្យ Brighton ធ្លាក់ពីចំណាត់ថ្នាក់ Top 4 មកដល់លេខ 9 ។
ដោយឡែក ក្រុមកាំភ្លើងធំ Arsenal នឹងសម្លឹងរក 3 ពិន្ទុពីការប្រកួតជាមួយ Nottingham Forest ដែលបានយកឈ្នះទៅលើ Liverpool កាលពីប្រកួតមុនយ៉ាងភ្ញាក់ផ្អើល។ ការប្រកួត នៅកីឡដ្ឋាន Emirates នឹងមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ CTN នៅថ្ងៃអាទិត្យ ទី 30 ខែតុលា ឆ្នាំ 2022 ចាប់ពីម៉ោង 21:00 នាទីតទៅ៕