Cristiano Ronaldo ទម្លាយថា គាត់មានអារម្មណ៍ថាត្រូវបានក្លិប Manchester United ក្បត់គាត់ និងត្រូវបានបង្ខំឱ្យចេញពីក្លិប។
កីឡាករជើងចាស់ព័រទុយហ្គាល់ពេលនេះ បានទម្លាយនៅក្នុងបទសម្ភាស ជាមួយលោក Piers Morgan សម្រាប់ TalkTV ។ នៅពេលសួរថាតើក្លិប Man Utd បានព្យាយាមបង្ខំគាត់ចេញពីក្លិបឬអត់ Ronaldo បានឆ្លើយថា៖ “បាទ មិនត្រឹមតែគ្រូបង្វឹក [Erik ten Hag] ប៉ុណ្ណោះទេ ប៉ុន្តែក៏មានបុរសពីរឬបីនាក់ផ្សេងទៀត នៅក្នុងក្លិបផងដែរ។ ខ្ញុំមានអារម្មណ៍ថាត្រូវបានគេក្បត់”។
នៅពេលត្រូវបានគេសួរម្ដងទៀត ថាតើនាយក ប្រតិបត្តិក្លិបជាន់ខ្ពស់ព្យាយាមបណ្ដេញគាត់ចេញឬយ៉ាងណា កីឡាករវ័យ 37 ឆ្នាំរូបនេះបាននិយាយថា៖ “ខ្ញុំមិនខ្វល់ទេ។ មនុស្សគួរតែស្តាប់ការពិត។”
“បាទ ខ្ញុំមានអារម្មណ៍ថាត្រូវគេក្បត់ ហើយខ្ញុំមានអារម្មណ៍ថាមនុស្សមួយចំនួនមិនចង់ឱ្យខ្ញុំនៅទីនេះ មិនត្រឹមតែឆ្នាំនេះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកាលពីឆ្នាំមុនផងដែរ។”
Ronaldo មិនបានលេងដោយសារជំងឺ ចាប់តាំងពីគាត់លេងឱ្យក្រុមបិសាចក្រហមក្នុងការបរាជ័យដោយ Aston Villa 3-1 កាលពីថ្ងៃទី 6 ខែវិច្ឆិកា។ គាត់មិនឈ្មោះក្នុងការប្រកួត Premier League ទល់នឹង Chelsea កាលពីខែមុន បន្ទាប់ពីបដិសេធមិនព្រមចូលលេងពេលប៉ះ Tottenham ។
Ronaldo បានប្រាប់ Morgan ថា៖ “ខ្ញុំមិនគោរពគាត់ [Ten Hag] ទេ ព្រោះគាត់មិនបង្ហាញការគោរពចំពោះខ្ញុំ។ បើគេមិនគោរពខ្ញុំទេ ខ្ញុំក៏មិនគោរពគេវិញដែរ “៕