Arsenal កំពុងនាំមុខគេ 5 ពិន្ទុ ដោយឈរលើ Manchester City។ វាគឺជាលើកដំបូងដែលពួកគេ ឈរនៅលើកំពូលនៅមុនដំណាច់ឆ្នាំ ចាប់តាំងពីរដូវកាល 2007-08 ។
Arsenal មាន 37 ពិន្ទុក្នុង 14 ប្រកួត ដែលវាគឺជាការចាប់ផ្តើមដ៏ល្អបំផុតរបស់ពួកគេ។ វាជាប្រផ្នូលល្អមួយទៀតសម្រាប់ក្រុមកាំភ្លើងធំ គឺក្រុមដែលឈរនៅលើកំពូលតារាងនៅថ្ងៃបុណ្យណូអែល ចំនួន 10 រដូវកាលក្នុងចំណោម 13 រដូវកាលចុងក្រោយកន្លងទៅ សុទ្ធតែបានក្លាយជាជើងឯក Premier League ។
ប៉ុន្តែ ប្រវត្តិ 5 ដងចុងក្រោយដែលArsenal ធ្លាប់បានឈរនៅលើកំពូលតារាង គិតត្រឹមថ្ងៃទី 25 ខែធ្នូ គឺពួកគេមិនអាចរក្សាចំណាត់ថ្នាក់នេះរហូតដល់ចុងបញ្ចប់នៃរដូវកាលបានឡើយ។
ក្របខណ្ឌ Premier League ត្រូវសម្រាករយៈពេល 6 សប្តាហ៍ នៅពាក់កណ្តាលរដូវកាលនេះ ដើម្បីត្រៀមការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2022 នៅប្រទេសកាតា ដែលចាប់ផ្តើមនៅថ្ងៃទី 20 ខែវិច្ឆិកានេះ។
ជាមួយនឹងការប្រកួតនានាត្រូវបានបញ្ចប់កាលពីចុងសប្ដាហ៍កន្លងទៅ ការប្រកួត Premier League នឹងចាប់ផ្ដើមឡើងវិញ នៅថ្ងៃទី 26 ខែធ្នូ ឆ្នាំ 2022 ក្រោយ World Cup បញ្ចប់៕