ក្លិប Tottenham Hotspur ត្រូវបានរាយការណ៍ថា នឹងដាក់ពិន័យដល់កីឡាករចំនួន៣រូប ដែលចចេះរឹងរូស ដោយពួកគេបានធ្វើដំណើរចាកចេញពីចក្រភពអង់គ្លេស ទៅកាន់ទ្វីបអាមេរិកខាងត្បូង ដើម្បីជួយជម្រើសជាតិខ្លួនក្នុងការប្រកួតជម្រុះ World Cup ។
កីឡាករទាំង៣រូប រួមមាន Givovani Lo Celso, Christian Romero និង Davinson Sanchez ។ មុនពួកគេធ្វើដំណើរទៅអាមេររិកខាងត្បូង ក្លិបបានជូនដំណឹងហើយថា ពួកគេមិនគួរចាកចេញពីអង់គ្លេសទេ តែកីឡាករទាំងបីរូប មិនព្រមស្ដាប់បង្គាប់ និងជម្នះចង់ទៅឱ្យបាន។
Christian Romero និង Giovani Lo Celso ដែលជាកីឡាករជម្រើសជាតិអាហ្សង់ទីន ត្រូវបានខាងអាជ្ញាធរសុខាភិបាលនិងប៉ូលិសប្រេស៊ីល ចូលមកហាមឃាត់មិនឱ្យប្រកួតក្នុងការប្រកួតរវាងប្រេស៊ីល និង អាហ្សង់ទីន កាលពីពេលកន្លងទៅនេះ ដោយបានចោទថាពួកគេ បានក្លែងបន្លំឯកសារក្នុងការហោះហើរមកកាន់ប្រេស៊ីល និងមិនបានគោរពតាមវិធានសុខាភិបាលឡើយ។
Lo Celso, Romero និង Sanchez នឹងត្រូវប្រឈមនឹងការផាកពិន័យជាប្រាក់ ពេលពួកគេត្រឡប់មកក្លិបវិញ ដោយពួកគេទាំងបី នឹងត្រូវដាក់ខ្លួនដាច់ដោយឡែកយ៉ាងហោចណាស់១០ថ្ងៃពេលមកដល់ប្រទេសអង់គ្លេសថែមទៀត៕