×

Premier League ៖ ការវិភាគមុនការប្រកួតរវាងក្រុម Leeds United vs Liverpool

ក្រុមហង្សក្រហម Liverpool កំពុងមានទម្រង់លេងល្អនាពេលបច្ចុប្បន្ន ប៉ុន្តែការប្រកួតប្រជែងរបស់ពួកគេកាលប៉ះគ្នានឹងក្រុមតោខៀវ Chelsea នឹងធ្វើឱ្យពួកគេបាត់បង់ទំនុកចិត្តខ្លះ។ ថ្វីត្បិតក្រុមតោខៀវ Chelsea សល់គ្នាតែ១០នាក់ក្ដី ហើយប្រើពេលច្រើនជាង ៤៥ នាទីក៏ដោយ ក៏ក្រុមហង្សក្រហមមិនអាចរកគ្រាប់បាល់បន្ថែមទៀតបានឡើយ បន្ទាប់ពីការស៊ុតបាល់ប៉េណាល់ទីរបស់កីឡាករ Mohamed Salah ហើយការប្រកួតបានបញ្ចប់ក្នុងលទ្ធផលបច្ចេកទេស ១-១។ ជាមួយនឹងការដោះដូរកីឡាករមិនសូវល្អនៅក្នុងរដូវក្តៅនេះ ក្រុមហង្សក្រហម Liverpool អាចចាប់ផ្ដើមការប្រកួតលីគមិនសូវប្រកបជាផ្លែផ្កាឡើយ។

ក្រុម Leeds United ចូលចិត្តប្រកួតបាល់ទាត់ដែលមានលក្ខណៈប្រយុទ្ធបែបប្រថុយប្រថានខ្លាំង ប៉ុន្តែនោះគឺជាអ្វីដែលធ្វើឱ្យពួកគេត្រូវបានអ្នកគាំទ្រទូទៅចាប់អារម្មណ៍ហើយចង់ទស្សនាការប្រកួតនៅពេលដែល Leeds United លេង។ យ៉ាងណាក្ដី ពួកគេមិនទាន់ស្គាល់រសជាតិឈ្នះនៅការប្រកួតនៅក្នុងក្របខ័ណ្ឌ Premier League ក្នុងរដូវកាលថ្មីរហូតមកដល់ពេលនេះ។ លទ្ធផលបរាជ័យនៅថ្ងៃបើកឆាក ៥-១ ទល់នឹងគូប្រជែងក្រុមបិសាចក្រហម Manchester United ត្រូវបានបន្តដោយលទ្ធផលស្មើគ្នាចំនួនពីរប្រកួតក្រោយមកទៀត។ ហើយអ្វីៗមិនងាយស្រួលឡើយសម្រាប់ពួកគេ ពេលប្រកួតទល់នឹងក្រុមហង្សក្រហមនៅចុងសប្តាហ៍នេះ។

ក្រុមហង្សក្រហម Liverpool និងក្រុម Leeds United បានប៉ះទង្គិចគ្នាចំនួន ១១៩ លើកក្នុងពេលកន្លងមក។ ក្រុមហង្សក្រហម Liverpool បានឈ្នះ ៦០ លើក ខណៈដែល Leeds United បានឈ្នះតែ ២៨ លើកប៉ុណ្ណោះ។ ទោះយ៉ាងណាក៏ដោយ ក្រុមហង្សក្រហម Liverpool មិនដែលចាញ់សោះក្នុងការប្រកួត ១០ លើកចុងក្រោយ ទល់នឹងក្រុម Leeds United ហើយការបរាជ័យចុងក្រោយរបស់ពួកគេនៅក្នុងការប្រកួតបានកើតឡើងនៅខែមេសា ឆ្នាំ ២០០១ ឯណោះ។

ក្រុមការងារនៅ CBS Sports ទាយលទ្ធផលសម្រាប់ជំនួបនៅយប់នោះគឺ ៖ Leeds United ១៖៤ Liverpool។ ស្ថានីយទូរទស្សន៍ CTN នឹងផ្សាយបន្តផ្ទាល់ការប្រកួតនេះ។ សូមប្រិយមិត្ត កុំភ្លេចចូលរួមតាមដានទស្សនាទាំងអស់គ្នា។

Leeds United vs Liverpool ថ្ងៃអាទិត្យ ទី១២ កញ្ញា ម៉ោង ១០យប់ នៅ CTN

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង