គ្រូបង្វឹកក្រុមមេឃខៀវ Manchester City លោក Pep Guardiola ត្រូវបានគេរាយការណ៍ថាកំពុងស្នើសុំឱ្យថ្នាក់ដឹកនាំរបស់ក្លិប Manchester City ចុះហត្ថលេខាលើខ្សែបម្រើ Kalvin Phillips របស់ក្រុម Leeds United ក្នុងរដូវដោះដូរកីឡាករនារដូវក្តៅឆ្នាំក្រោយ។
កីឡាករវ័យ ២៥ ឆ្នាំរូបនេះ បានបង្ហាញខ្លួនសរុបចំនួន ២១៥ លើកសម្រាប់ក្លិប Leeds ចាប់តាំងពីការឡើងមកលេងនៅឈុតធំជាលើកដំបូងនៅឆ្នាំ២០១៤ ហើយថែមទាំងបានជួយឱ្យក្រុមរបស់គ្រូបង្វឹក លោក Marcelo Bielsa បាមឡើងមកលេងនៅក្នុងក្របខណ្ឌ Premier League ថែមទៀតផង។
មិនតែប៉ុណ្ណោះ Phillips ក៏បានក្លាយជាសមាជិកដ៏សំខាន់ម្នាក់នៅក្នុងក្រុមជម្រើសជាតិអង់គ្លេសផងដែរ បន្ទាប់ពីទទួលបានការកោះហៅជាលើកដំបូងពីសំណាក់គ្រូបង្វឹកលោក Gareth Southgate នៅអំឡុងការប្រកួតពានរង្វាន់ Euro ២០២០ នៅរដូវក្តៅកន្លងទៅ។
យ៉ាងណា កិច្ចសន្យាបច្ចុប្បន្នរបស់ Phillips ជាមួយ Leeds នៅសល់ ៣ ឆ្នាំទៀតឯណោះ ប៉ុន្តែបើយោងតាមរបាយការណ៍ថ្មីៗនេះបានឱ្យដឹងថា ក្លិប Man City អាចងាកមកព្យាយាមចុះហត្ថលេខាជាមួយខ្សែបម្រើឆ្នើមរូបនេះ នៅទីផ្សាររដូវក្តៅឆ្នាំ២០២២៕