ភ្នំពេញ៖ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសឱ្យទាំងខ្មែរ ទាំងបរទេស មានសិទ្ធិចូលទស្សនាកីឡាស៊ីហ្គេម ដោយមិនបង់ប្រាក់។ សម្តេចបានបញ្ជាក់យ៉ាងដូច្នេះ ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃទី៣១ ខែមីនា។
ប្រសាសន៍របស់សម្ដេចប្រមុខរដ្ឋាភិបាលកម្ពុជា ដែលអះអាងដោយលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏បានបញ្ជាក់ផងដែរថា សហព័ន្ធកីឡាដែលចូលរួមក៏មិនតម្រូវឱ្យបង់លុយនោះដែរ។ ចំពោះការផ្សាយរបស់ទូរទស្សន៍បរទេសវិញ សម្តេចស្នើឱ្យទម្លាក់ថ្លៃ ឬក៏ឱ្យដោយឥតគិតថ្លៃ (Free) តែម្តង។
លោក ខៀវ កាញារីទ្ធ បាន បន្ថែមថា សម្តេចតេជោ បញ្ជាមិនឱ្យយកលុយពីទូរទស្សន៍បរទេសនានាដែលផ្សាយពីស៊ីហ្គេម៣២ នៅកម្ពុជានោះទេ។
សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា៖ «សំខាន់គឺផ្សាយពីប្រទេសកម្ពុជាយើង»។
ការថ្លែងយ៉ាងដូច្នេះ មួយថ្ងៃ បន្ទាប់ពីសម្តេចបានចេញសារជាសំឡេង ដោយហាមឃាត់ការលក់សំបុត្រចូលទស្សនាពិធីបើក ពិធីបិទ និងរាល់ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ដែលនឹងរៀបចំលើកដំបូងនៅកម្ពុជា៕