លោក ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាបេសកជនពិសេស នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (CAMSOC) លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម (CAMAPGOC) លើកទី១២ អមដំណើរដោយឯកឧត្តម អ៊ីវ ហ៊ាង ឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ដែលមាននិវេសនដ្ឋាននៅរដ្ឋធានីហ្សាកាតា បានអញ្ជើញចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម José Ramos-Horta ប្រធានាធិបតីទីម័រឡេស្តេ នៅវិមានប្រធានាធិបតី នារសៀលថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣ មុនពិធីដង្ហែព្រះអគ្គិជ័យកីឡា និងភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្មាំ២០២៣។
ពិធីដង្ហែព្រះអគ្គិជ័យកីឡា និងភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្មាំ២០២៣ នឹងប្រព្រឹត្តនៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣ និងដោយមានការចូលរួមពិធីដង្ហែ និងរត់កាន់ភ្លើងគប់ ដោយផ្ទាល់ពីលោកប្រធានាធិបតីទីម័រឡេស្តេ ព្រមទាំងថ្នាក់ដឹកនាំស្ថាប័នពាក់ព័ន្ធ ឯកអគ្គរាជទូត និងកីឡាករ-កីឡាការិនី ប្រមាណជាង ៨០០ នាក់។
សូមជម្រាបថា នេះជាប្រទេសទី៤ហើយ ដែលព្រះអគ្គិជ័យកីឡា និងភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្មាំ២០២៣បានទៅដល់ បន្ទាប់ពីប្រទេសវៀតណាម ហ្វីលីពីន និងឥណ្ឌូណេស៊ី៕