×

កម្ពុជាឈរនៅកំពូលតារាងនៃមេដាយសរុបក្នុងការប្រកួតគុនល្បុក្កតោត្រៀមស៊ីហ្គេម២០២៣

ក្រុមអត្តពលិកកីឡាគុនល្បុក្កតោកម្ពុជា បានសម្រេចសមិទ្ធផលដ៏គួរឱ្យកត់សម្គាល់នៅក្នុងការប្រកួតកីឡាគុនល្បុក្កតោជើងឯកអាស៊ីអាគ្នេយ៍ លើកទី១ ឆ្នាំ២០២៣ដោយឈ្នះមេដាយមាស ១១ គ្រឿងក្នុងចំណោមមេដាយមាសទាំង ២១ គ្រឿងដែលមានសម្រាប់ឱ្យអត្តពលិកធ្វើការប្រកួតប្រជែងដណ្ដើមយក។

ជារួមអត្តពលិកកីឡាគុនល្បុក្កតោកម្ពុជា បានដណ្ដើមបានមេដាយសរុបចំនួន ៣៣គ្រឿង ក្នុងនោះមានមេដាយមាសចំនួន ១១គ្រឿង ប្រាក់ ១០គ្រឿង និងសំរឹទ្ធ ១២គ្រឿង។ លទ្ធផលនេះ ធ្វើឱ្យកម្ពុជាឈរនៅចំណាត់ថ្នាក់លេខ១ ក្នុងតារាងនៃមេដាយសរុប នៃការប្រកួតកីឡាគុនល្បុក្កតោជើងឯកអាស៊ីអាគ្នេយ៍ លើកទី១ តាមពីក្រោយដោយប្រទេសឡាវ ដែលមានមេដាយសរុបចំនួន២៤គ្រឿង វៀតណាម ៩គ្រឿង និងហ្វីលីពីន ៦គ្រឿង។

ការប្រកួតដែលចាប់ផ្ដើមពីថ្ងៃទី៣០ខែមីនាដល់ថ្ងៃទី៣ខែមេសាឆ្នាំ២០២៣ និងមាន ៤ប្រទេសចូលរួមប្រកួតនេះ មានមេដាយសរុបចំនួន ៧២ គ្រឿង (មាស២១គ្រឿង ប្រាក់ ២១គ្រឿង និងសំរឹទ្ធ ៣០គ្រឿង)។

សូមជម្រាបថា ព្រឹត្តិការណ៍នេះ មានការប្រកួតលើវិញ្ញាសាប្រយុទ្ធនិងសម្ដែង ក្រោមអធិបតីឯកឧត្តមសភាចារ្យ ច័ន្ទ សារុន សមាជិករដ្ឋសភា និងជាប្រធានសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា អមដោយប្រតិភូតាមបណ្ដាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍។

សម្រាប់វិញ្ញាសានានាក្នុងប្រភេទកីឡាគុនល្បុកតោ នឹងត្រូវប្រកួត នៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នាខែឧសភាខាងមុខនេះ៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង