×

បាល់ទាត់ លើតុរៀបចំការប្រកួត Pre-Sea Games ដើម្បីវាស់ស្ទង់កម្រិតសមត្ថភាពអត្តពលិក និង អាជ្ញាកណ្តាលត្រៀមទៅកាន់ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២

ការប្រកួតបុរេបាល់ទាត់លើតុ ឆ្នាំ២០២៣ Pre-Sea Games បានចាប់ផ្តើមហើយនាព្រឹកថ្ងៃទី៦មេសាឆ្នាំ២០២៣ ដើម្បីវាស់ស្ទង់សមត្ថភាពកីឡាករ កីឡាការិនី និង អាជ្ញាកណ្តាលចៅក្រម ត្រៀមឆ្ពោះទៅកាន់ព្រឹត្តការណ៍កីឡាស៊ីហ្គេមដែលនឹងចាប់ផ្តើមនាដើមខែឧសភា ឆ្នាំ២០២៣តទៅ។

ក្នុងពិធីបើការប្រកួតជាផ្លូវការនាព្រឹកមិញនេះ ឯកឧត្តម ញ៉ាន សុខវិសាល ប្រធាននាយកដ្ឋានទំនាក់ទំនងអន្តរជាតិនៃគណៈកម្មាធិការជាតិអូឡាំពិកម្ពុជា បានមានប្រសាសន៍ថា ការរៀបចំការប្រកួតនាពេលនេះ គឺបង្ហាញឱ្យឃើញពីការត្រៀមខ្លួនរួចជាស្រេចរបស់ម្ចាស់ផ្ទះកម្ពុជា ពិសេសវាស់ស្ទង់ សមត្ថភាពទាំងអត្តពលិក ការផ្តល់ពិន្ទុ និងកាត់សេចក្តីរបស់អាជ្ញាកណ្តាលចៅក្រម ផងដែរ។

លោក អ៊ន ចន្តា្រសម្រិត អគ្គលេខាធិការងសហព័ន្ធកីឡាបាល់ទាត់លើតុ បានឱ្យដឹងថា សម្រាប់ការប្រកួត Pre-Sea Games ជាពេលវេលាមួយដ៏ល្អសម្រាប់ក្រុមកម្ពុជា បើទោះជាប្រភេទកីឡានេះថ្មី ហើយកីឡាករ កីឡាការិនី ទើបតែបានធ្វើការហ្វឹកហាត់រយៈពេលខ្លីក៍ពិតមែន ប៉ុន្តែឃើញថា មានភាពល្អប្រសើរច្រើន ។

ដោយឡែក ក្រោយផ្អាកសកម្មភាពក្នុងវិស័យកីឡា៧ឆ្នាំ និងបានវិលត្រលប់មកកាន់វិស័យកីឡាសាជាថ្មី កីឡាការិនី ងួន ច័ន្ទបូរមី បានបង្ហាញអារម្មណ៍រីករាយដោយបានចូលរួមប្រកួតតំណាងជាតិ និងចាត់ទុកការប្រកួត PRE-SEA GAMES នេះជាកត្តាជំរុញទឹកចិត្ត និងត្រៀមខ្លួនបញ្ចេញនូវសមត្ថភាពយកជ័យជម្នះជូនជាតិមាតុភូមិ។

សូមបញ្ជាក់ដែរថា ការប្រកួតបុរេបាល់ទាត់លើតុ ឆ្នាំ២០២៣ Pre-Sea Games នេះធ្វើឡើងរយៈពេល២ថ្ងៃ គិតចាប់ពីថ្ងៃទី៦-៧ មេសា ឆ្នាំ២០២៣ នៅសាលប្រកួត សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញជ្រោយចង្វា ដោយមានប្រទេស៤ចូលរួមប្រកួតប្រជែង រួមមាន៖ កម្ពុជាម្ចាស់ផ្ទះ ថៃ ឥណ្ឌូណេស៊ី និង ម៉ាឡេស៊ី ប្រកួតលើ៥វិញ្ញាសា។

ប្រភេទកីឡាថ្មីនេះ នឹងចូលរួមប្រកួតក្នុងព្រឹត្តការណ៍កីឡាស៊ីហ្គេម លើកទី៣២ ដែលមាន៥វិញ្ញសា ដាក់ឱ្យអត្តពលិកប្រកួតប្រជែង ប៉ុន្តែមេដាយដែលទទួលបានមិនរាប់បញ្ចូលក្នុងតារាងនោះទេ ដោយគ្រាន់តែជាការបង្ហាញនូវប្រភេទកីឡាថ្មី ដើម្បីឱ្យប្រជាជនកម្ពុជាបានស្គាល់ និង ចូលរួមលេងប្រភេទកីឡាបាល់ទាត់លើតុនេះ ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង