ប្រទេសថៃ នឹងបញ្ជូនអត្តពលិកចំនួន ១៩៨៥ នាក់មកប្រកួតស៊ីហ្គេមលើកទី ៣២ នៅកម្ពុជា ដែលជាតួលេខច្រើនជាងប្រទេសផ្សេងទៀតដែលចូលរួមក្នុងព្រឹត្តិការណ៍នេះ។
យោងតាមគណៈកម្មាធិការរៀបចំការប្រកួតកីឡាស៊ីហ្គេមកម្ពុជា (CAMSOC) យ៉ាងហោចណាស់ប្រតិភូកីឡាចំនួន ១២,៤០៤ នាក់ មកពីប្រទេសអាស៊ីអាគ្នេយ៍ចំនួន ១១ នឹងចូលរួមប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម នៅឆ្នាំនេះ។
ប្រទេសថៃ ត្រូវបានរាយការណ៍ពីគោលដៅរបស់ខ្លួន ដើម្បីដណ្តើមបានមេដាយមាសចំនួន ១១២ គ្រឿងនៅក្នុងព្រឹត្តិការណ៍ឆ្នាំនេះ។
កាលពីព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម កាលពីឆ្នាំមុន ប្រទេសថៃបានបញ្ជូនអត្តពលិកចំនួន ៨៧១ នាក់ និងឈ្នះមេដាយមាសចំនួន ៩២ គ្រឿង ដោយជាប់ចំណាត់ថ្នាក់លេខ ២ ក្នុងតារាងមេដាយសរុប តាមពីក្រោយក្រុមម្ចាស់ផ្ទះវៀតណាមដែលឈរនៅលេខ១។
ដោយឡែក ប្រតិភូកីឡាកម្ពុជា សម្រាប់ព្រឹត្តិការណ៍ដែលចាប់ផ្ដើមពីថ្ងៃទី៥ដល់១៧ខែឧសភាឆ្នាំ២០២៣ មានចំនួន ១,១៥៨ នាក់៕