ក្រុមការងារនៃយុទ្ធនាការ Beyond The Games នឹងរៀបចំការបំបែកឯតទគ្គកម្មពិភពលោក “បេះដូងច្រើនជាងគេលើពិភពលោក”ក្នុងឱកាសដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ៤រសៀលតទៅ នៅបរិវេណប្រាសាទអង្គរវត្ត។
តាមផែនការ ក្រុមការងារនឹងប្រមូលបេះដូងក្រដាសនេះឱ្យបាន ១លាន ដើម្បីបំបែកឯតទគ្គកម្មពិភពលោកដែលកាន់កាប់ដោយប្រទេសអង់គ្លេស ដែលមានបេះដូងបត់ និងបានដាក់បង្ហាញចំនួន ៥៣.៧០៤ បេះដូង។
ជាមួយគ្នានេះ ការបត់បេះដូងក្រដាសនេះ ជាការគាំទ្រដល់កីឡាករ-កីឡាការិនីដែលមានពិការភាព សម្រាប់បេះដូង១ មានតម្លៃជាថវិកាចំនួន ៥០០រៀល ដូច្នេះបេះដូង១លានស្មើនឹង ៥០០លានរៀល ដែលថវិកាទាំងនោះ នឹងត្រូវបរិច្ចាគទៅកាន់អត្តពលិកដែលមានពិការភាព តាមរយៈគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា។
អ្វីដែលពិសេសជាងនេះទៅទៀត ការចូលរួមបត់បេះដូងនេះ បានបង្ហាញអំពី “ភាសាបេះដូង” ដែលមិនអាចកាត់ថ្លៃបានរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការសហការគ្នា ដើម្បីគាំទ្រអត្តពលិករបស់យើង៕