×

កម្ពុជាឈរចំណាត់ថ្នាក់លេខ៣ នៃការប្រកួតកីឡាបាល់ទាត់លើតុ និងទទួលបានការសរសើរចំពោះការរៀបចំបានល្អ

កម្ពុជាឈរចំណាត់ថ្នាក់លេខ៣ នៃការប្រកួតកីឡាបាល់ទាត់លើតុ ត្រៀមស៊ីហ្គេម លើកទី៣២ នាខែឧសភា ឆ្នាំ២០២៣ ដែលទើបបញ្ចប់កាលពីចុងសប្តាហ៍មុននេះ ។

ក្រោយបញ្ចប់ការប្រកួត ឯកឧត្តម ញ៉ាន សុខវិសាល ទីប្រឹក្សាក្រសួងទេសចរណ៍ និងជាប្រធាននាយកដ្ឋានទំនាក់ទំនងអន្តរជាតិនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានកោតសរសើរ ចំពោះការរៀបចំមានភាពល្អប្រសើរ ពិសេសការខិតខំរបស់កីឡាករ – កីឡាការិនីកម្ពុជាទាំងអស់ ដែលបានចូលរួមប្រកួតប្រជែង ក្នុងព្រឹត្តិការណ៍ត្រៀមដ៏មានសារៈសំខាន់មួយនេះ និងវាយតម្លៃខ្ពស់ចំពោះប្រតិភូកីឡាមកពី៣ប្រទេសផ្សេងទៀត ដែលខិតខំចូលរួមគាំទ្រដល់ម្ចាស់ផ្ទះ កម្ពុជា ប្រកបដោយស្មារតីសាមគ្គីភាព មិត្តភាព និងជោគជ័យ។

ក្នុងនាមម្ចាស់ផ្ទះ ឯកឧត្តមបានបង្ហាញការស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រតិភូកីឡាករ កីឡាការិនីនៃបណ្តាប្រទេសនានា ក្នុងការប្រកួតបុរេស៊ីហ្គេម ២០២៣ ដើម្បីឆ្ពោះទៅចូលរួមប្រកួតស៊ីហ្គេម ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា។ បន្ទាប់ពីស៊ីហ្គេម ២០២៣ នៅកម្ពុជា ប្រភេទកីឡាដ៏ពេញនិយមមួយនេះនឹងត្រូវដាក់បញ្ជូលឲ្យប្រកួតជាផ្លូវការ ក្នុងស៊ីហ្គេម លើកទី៣៣ នាឆ្នាំ២០២៥ខាងមុខ ក៏ដូចជារីកចម្រើននៅក្នុងតំបន់អាស៊ានផងដែរ។

លោក អន ចន្ត្រាសំរិត អគ្គលេខាធិការរង សហព័ន្ធកីឡាបាល់ទាត់លើតុកម្ពុជាបានឱ្យដឹងថា ការប្រកួតបាល់ទាត់លើតុបុរេស៊ីហ្គេម រយៈពេល២ថ្ងៃនេះ ក្នុងគោលបំណងដើម្បីតេស្តសមត្ថភាពកីឡាករ កីឡាការិនី និងតេស្តសមត្ថភាពមន្ត្រីអាជ្ញាកណ្តាល ចៅក្រម រួមទាំងការរៀបចំ មុនការប្រកួតស៊ីហ្គេម ជាផ្លូវការ ចូលមកដល់នាខែឧសភា ខាងមុខ។

សម្រាប់គុណភាពបច្ចេកទេសរបស់កីឡាករ កីឡាការិនីនៃបណ្តាប្រទេសចូលរួម លោកបានមើលឃើញថា ក្នុងចំណោមប្រទេសទាំងអស់ ថៃខ្លាំងលើប្រភេទកីឡានេះ បន្ទាប់មកឥណ្ឌូណេស៊ី ខណៈកម្ពុជាទើបនឹងចាប់ផ្តើមការហ្វឹកហាត់ ប៉ុន្តែ អាចចូលរួមប្រកួតប្រជែងបាននិងទទួលបានលទ្ធិផលល្អប្រសើ់រ។

គួរបញ្ជាក់ថា បុរេការប្រកួតនេះមានចំនួន៥វិញ្ញាសាដាក់ឲ្យប្រកួតប្រជែង ដូចគ្នានឹងវិញ្ញាសាដែលត្រៀមប្រកួតស៊ីហ្គេម លើកទី៣២ ដែរ ដោយក្នុងនោះមានវិញ្ញាសាឯកត្តជនបុរស-នារី គូបុរស-នារី និងចម្រុះ (បុរស-នារី)។

សម្រាប់លទ្ធិផលចំណាត់ថ្នាក់ក្នុងការប្រកួត PRE-SEAGAMES ថៃឈរចំណាត់ថ្នាក់លេខ១ ឈ្នះមេដាយមាស៥គ្រឿង ,ម៉ាឡេស៊ី ឈ្នះមេដាយប្រាក់៤គ្រឿង ,កម្ពុជាឈរចំណាត់ថ្នាក់លេខ៣ ឈ្នះប្រាក់១ សំរឹទ្ធិ៣ គ្រឿង និងឥណ្ឌូណេស៊ី រកបានមេដាយសំរឹទ្ធិ២គ្រឿង៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង