ថ្ងៃនេះចាត់ទុកថាជាថ្ងៃដ៏វិសេសវិសាលមួយ ដែលបណ្ដាអង្គទូតទាំងឡាយរបស់អាស៊ាន គឺបានមកពិនិត្យរួមជាមួយយើងខ្ញុំទាំងអស់គ្នា ដោយពិនិត្យជាក់ស្ដែងនៅទីតាំងដែលយើងរៀបចំដើម្បីប្រកួតកីឡានាពេលខាងមុខនេះ។
ដូច្នេះតាមរយៈនៃការពិនិត្យជាក់ស្ដែងតាំងពីថ្ងៃមុន ថ្ងៃនេះមកពិនិត្យឡើងវិញគឺអ្វីៗទាំងអស់បានរៀបរយ គឺអាចនិយាយបានថា ៩០% នៅសល់១០% គឺចាត់ទុកថាការតុបតែង និងអនាម័យបន្តិចបន្តួចទៀត ហើយនឹងតុបតែងឱ្យសមរម្យតាមសោភ័ណភាព និងប្រភេទកីឡានីមួយៗតែប៉ុនហ្នឹងទេ ក្រៅពីនេះយើងរៀបរយអស់ហើយ»។
នេះជាប្រសាសន៍ថ្លែងរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ (CAMSOC-CAMAPGOC) បានទទួលជួបសំណេះសំណាលជាមួយបណ្ដាអង្គទូតអាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា និងចុះត្រួតពិនិត្យហេដ្ឋារចនាសម្ព័ន្ធនានាក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ ក៏ដូចជាភូមិកីឡា ដែលជាទីតាំងដែលត្រូវបម្រើដល់ការប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ កាលពីចុងសប្តាហ៍ទៅនេះ។
សម្តេចពិជ័យក៏បានជម្រាបជូនបណ្ដាអង្គទូត អំពីទីតាំងប្រកួតនានាទាំងនៅក្នុងរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តគឺរួចរាល់ ៩០%ផងដែរ ដោយនៅសល់តែការងារតុបតែង និងការរៀបចំលំអមួយចំនួនទៀតប៉ុណ្ណោះ។ ក្នុងឱកាសនោះ សម្តេចពិជ័យបានស្នើបណ្ដាអង្គទូជួយនាំនូវរាល់សមិទ្ធផលទាំងឡាយ ដែលកម្ពុជាសម្រេចបាននាពេលនេះ និងជួយគាំទ្របន្តដើម្បីកម្ពុជាមានលទ្ធភាព សមត្ថភាពគ្រប់គ្រាន់ក្នុងការធ្វើម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២៣ ឱ្យសម្រេចលទ្ធផលគួរជាទីមោទនៈ។
សម្តេចប្រធានបានបញ្ជាក់ថា ជារួម៩០%នៃកិច្ចការរបស់យើងមកដល់ពេលនេះគឺស្រូតខ្លាំងណាស់ នៅសល់ ២០ថ្ងៃទៀត បាល់ទាត់ចាប់ផ្ដើមហើយ ហើយនៅសល់តែ ជាង២០ថ្ងៃទៀតតែប៉ុណ្ណោះ ពិធីបើកនៅទីនេះគឺយើងនឹងចាប់បើកហើយ ដូច្នេះយើងប្រឹងប្រែងទាំងអស់គ្នាណាស់ ដែលមកដល់ពេលនេះហាក់ដូចជាមានភាពកក់ក្ដៅ កក់ក្ដៅត្រង់ថា យើងបានដឹងជាក់លាក់ថាកន្លែងភូមិកីឡា ដាក់បានប៉ុន្មាន ហើយនៅសល់ប៉ុន្មានយើងទៅដាក់នៅបណ្ដាសណ្ឋាគារទាំងប៉ុន្មានដែលយើងត្រៀមទុក គឺយើងបានភាពជាក់លាក់របៀបហ្នឹង គឺងាយស្រួលក្នុងការចាត់ចែង ទាំងការដឹកជញ្ជូន ទាំងការស្នាក់នៅហូបចុក គឺបានរៀបចំទាំងអស់»។
បន្ថែមពីលើអ្វីដែលសម្តេចបានជម្រាបពីទីតាំងខាងលើនៅរជាធានីភ្នំពេញ កម្ពុជាក៍នៅមានទីលានតាមបណ្ដាខេត្តនានា ដូចជាខេត្តសៀមរាប ព្រះសីហនុ កំពត និងខេត្តកែប ក៏បានត្រៀមរួចរាល់ដូចគ្នាផងដែរ ជាមួយនឹងសម្ភារៈប្រកដោយគុណភាព និងស្ដង់ដា ដែលត្រូវដំឡើង គឺបញ្ជាទិញថ្មីៗតែម្ដង៕