ក្រោយធ្លាប់រងបរាជ័យ លើវិញ្ញាសាឃីកបុកស៊ីង ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម កាលពីឆ្នាំមុន កីឡាការិនីគុនខ្មែរ ទូច ចាន់វត្តី បានដាក់គោលដៅជាថ្មី ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២នៅប្រទេសកម្ពុជា ដើម្បីដណ្ដើមយកមេដាយកម្រិតណាមួយ។
វត្តី បានលើកឡើងថា ការប្រកួតកន្លងមកនៅវៀតណាមនៃប្រភេទកីឡា ឃីកបុកស៊ីង នាងទើបតែធ្លាប់ប្រកួត២ទៅ៣លើកប៉ុណ្ណោះ ហើយក៏ឡើងទៅប្រកួតនៅស៊ីហ្គេមតែម្តង ដែលធ្វើឱ្យបទពិសោធនៅខ្ចី និងមិនអាចយកឈ្នះដៃគូប្រកួតរបស់ខ្លួនបាន។
មានវ័យជាង១៧ឆ្នាំ ទូច ចាន់វត្តី ចូលហ្វឹកហាត់ប្រភេទកីឡាប្រដាល់គុនខ្មែរ បានជាង២ឆ្នាំ និងធ្លាប់ចេញទៅប្រកួតលើឆាកអន្តរជាតិជាច្រើនលើកផងដែរ។ យ៉ាងណាក៏ដោយ ក្រោយមានឈ្មោះប្រកួតសាជាថ្មី ទៅលើប្រភេទកីឡាប្រដាល់គុនខ្មែរ កីឡាការិនីស្រស់សោភារូបនេះ បាននិយាយដោយជំនឿចិត្តថា នឹងយកមេដាយឱ្យបាននៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនាខែឧសភាខាងមុខ។
គួររំឭកថា កីឡាការិនីជម្រើសជាតិកម្ពុជាលើប្រភេទកីឡាគុនខ្មែររូបនេះ នឹងត្រូវចូលរួមប្រកួតក្នុងព្រឹត្តការណ៍កីឡាស៊ីហ្គេម លើប្រភេទកីឡាគុនខ្មែរ ក្នុងប្រភេទទម្ងន់ ៤៩គីឡូក្រាម៕