លោក Duong Nghiep Khoi អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់វៀតណាម បានមានប្រសាសន៍ថា វៀតណាមនឹងព្យាយាមឱ្យអស់ពីសមត្ថភាព ដើម្បីការពារជើងឯកបាល់ទាត់ផ្នែកបុរស និងនារី ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ នៅកម្ពុជា។
អំឡុងសន្និសីទសារព័ត៌មានស្តីពីលទ្ធផលនៃការចាប់ឆ្នោតបាល់ទាត់បុរស និងនារីវៀតណាម កាលពីថ្ងៃទី៥ ខែមេសា អគ្គលេខាធិការរូបនេះបានទទួលស្គាល់ពីការលំបាក និងបញ្ហាប្រឈមរបស់ក្រុម។
ក្រុមនារីវៀតណាម នឹងត្រូវជួបគូប្រជែងខ្លាំងដូចជាហ្វីលីពីន និងមីយ៉ាន់ម៉ា ខណៈក្រុមបុរសនឹងត្រូវជួបថៃ ដែលជាគូប្រកួតគីឡូធ្ងន់ រួមជាមួយម៉ាឡេស៊ី និងសិង្ហបុរី ដែលជាគូប្រជែងដ៏មានសក្តានុពលរបស់ពួកគេផងដែរ។
ក្រុមបាល់ទាត់បុរស U22 វៀតណាម ស្ថិតក្នុងពូល B ជាមួយ ថៃ ម៉ាឡេស៊ី សិង្ហបុរី និងឡាវ នេះបើយោងតាមការចាប់ឆ្នោតចែកពូល នៅថ្ងៃទី 5 ខែមេសា។
ក្រុមទាំង៥ក្នុងពូល A មានម្ចាស់ផ្ទះកម្ពុជា ឥណ្ឌូណេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន និងទីម័រខាងកើត។
ការប្រកួតក្នុងពូល A នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៩ ខែមេសា នៅពហុកីឡដ្ឋានជាតិអូឡាំពិក ខណៈពូល B ប្រកួត នៅថ្ងៃទី៣០ ខែមេសា នៅកីឡដ្ឋានព្រីន។
សម្រាប់ក្រុមបាល់ទាត់នារី វៀតណាមស្ថិតក្នុងពូល A ជាមួយហ្វីលីពីន មីយ៉ាន់ម៉ា ម៉ាឡេស៊ី និងឥណ្ឌូណេស៊ី។ ពូល B មានម្ចាស់ផ្ទះកម្ពុជា ថៃ សិង្ហបុរី និងឡាវ។
ការប្រកួតបាល់ទាត់នារីនឹងប្រព្រឹត្តទៅនៅកីឡដ្ឋានកងយោធពលខេមរភូមិន្ទ និងកីឡដ្ឋានស្មាតអរអេសអិន៕