×

ព្រុយណេ ដាក់គោលដៅបំបែកកំណត់ត្រាឈ្នះមេដាយរបស់ខ្លួនពេលប្រកួតស៊ីហ្គេមនៅកម្ពុជា

អត្តពលិករបស់ប្រទេសព្រុយណេចំនួន ៦៥នាក់ នឹងចូលរួមប្រកួតប្រជែងក្នុងវិញ្ញាសាចំនួន ១២ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០២៣។

ការបញ្ជាក់បែបនេះ បានធ្វើឡើងអំឡុងសន្និសីទសារព័ត៌មានមួយ ដែលមានការយាងចូលរួមពីព្រះអង្គម្ចាស់ Haji Sufri Bolkiah ប្រធានក្រុមប្រឹក្សាអូឡាំពិកជាតិព្រុយណេ និងមានវត្តមានរដ្ឋមន្ត្រីក្រសួងវប្បធម៌ យុវជន និងកីឡា លោក Dato Seri Setia Awang Haji Nazmi bin Haji Mohamad ព្រមទាំងមន្ត្រីមកពីក្រសួងវប្បធម៌ យុវជន និងកីឡានៃប្រទេសព្រុយណេ។

យោងតាមលេខាធិការអចិន្ត្រៃយ៍ នៅនៃក្រសួងវប្បធម៌ យុវជន និងកីឡា លោក Pengiran Mohd Amirrizal bin Pengiran Haji Mahmud បានបញ្ជាក់ថា ក្រុមបាល់ទាត់ជម្រើសជាតិព្រុយណេ នឹងមិនចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣២ឡើយ បន្ទាប់ពីមិនបានបំពេញតាមលក្ខន្តិកៈដែលកំណត់ដោយគណៈកម្មាកាធិការវាយតម្លៃ និងជ្រើសរើសព្រុយណេ។

លេខាធិការអចិន្ត្រៃយ៍រូបនេះ បានបន្តថា៖ “ព្រុយណេដារូសាឡឹម សង្ឃឹមថានឹងធ្វើបានល្អជាងលទ្ធផលពីស៊ីហ្គេមលើកមុន (នៅវៀតណាម) នៅពេលដែលព្រុយណេឈ្នះមេដាយមាស១គ្រឿង ប្រាក់១គ្រឿង និងសំរឹទ្ធ១គ្រឿង”។

លោកបន្តថា៖ “ដោយមានការរៀបចំជាប្រព័ន្ធនិងល្អិតល្អន់ ព្រមទាំងការហ្វឹកហ្វឺនផងនោះ យើងសង្ឃឹមថាអត្តពលិករបស់យើង នឹងធ្វើបានល្អជាងមុនក្នុងឈ្នះមេដាយ។”

“លើសពីនេះ យើងក៏សង្ឃឹមដែរថា អត្តពលិករបស់យើង នឹងអាចបំបែកឯតទគ្គកម្មរបស់យើងក្នុងពេលប្រកួតផងដែរ។”

យោងតាម CAMSOC ព្រុយណេនឹងបញ្ចូនប្រតិភូកីឡាតិចជាងគេបំផុត ដើម្បីមកប្រកួតនៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង