ប្រតិភូដង្ហែព្រះអគ្គិជ័យកីឡា និងភ្លើងគប់ ដឹកនាំដោយលោក ហោ សារុន បេសកជនពិសេសតំណាងគណៈកម្មាធិការជាតិ CAMSOC បានធ្វើដំណើរដល់ប្រទេសសិង្ហបុរី ដោយសុវត្ថិភាព ជាមួយនឹងការទទួលស្វាគមន៍ពីលោក សុខ ខឿន ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសសិង្ហបុរី និងសហការី ព្រមទាំងការទទួលរាក់ទាក់យ៉ាងកក់ក្តៅ លោក Chris Chan អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកសិង្ហបុរី។
ព្រះអគ្គីជ័យកីឡា ត្រូវបានតម្កល់ទុកនៅស្ថានទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅប្រទេសសិង្ហបុរី និងពិធីដង្ហែព្រះអគ្គិជ័យកីឡា និងភ្លើងគប់ គ្រោងប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣។
សូមជម្របថា ប្រតិភូដង្ហែព្រះអគ្គិជ័យកីឡា និងភ្លើងគប់ នៃព្រឹត្តិការណ៍ស៊ីហ្គេម–អាស៊ានប៉ារ៉ាហ្គេម បានឆ្លងកាត់ប្រទេសវៀតណាម ហ្វីលីពីន ឥណ្ឌូណេស៊ី ទីម័រខាងកើត ម៉ាឡេស៊ី និង សិង្ហបុរី ដែលជាប្រទេសទី៦នៅបណ្ដាប្រទេសអាស៊ីអាគ្នេយ៍៕