×

សម្ដេចតេជោផ្ដល់អនុសាសន៍ថាកីឡាករប្រកួតស៊ីហ្គេម មិនគួរអនុញ្ញាតឱ្យប្រកួតកម្មវិធីផ្សេងនោះទេ ត្រូវរង់ចាំស៊ីហ្គេម

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ដល់អនុសាសន៍ជុំវិញ កីឡាករប្រដាល់ដែលត្រូវប្រកួតតំណាងឱ្យជាតិ នៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាខែឧសភាខាងមុខនេះ។

យោងតាមសារពិសេសរបស់សម្ដេចតេជោមួយ បានឱ្យដឹងថា៖ “កីឡាករដែលនឹងត្រូវចូលប្រកួតស៊ីហ្គេម មិនគួរឱ្យមានការចូលប្រកួតនៅក្នុងព្រឹត្តិការណ៍ណានោះទេ ត្រូវរង់ចាំឱ្យការប្រកួតស៊ីហ្គេមបានចប់ បើមិនដូច្នោះទេ កីឡាករដែលត្រូវបានផ្គូផ្គងចូលស៊ីហ្គេមនឹងត្រូវបាត់បង់ឱកាសនៅពេលនោះ ប្រសិនបើមានហេតុការណ៍កើតឡើង ដូចជាករណីកីឡាករ ឈឿង ល្វៃ ដែលជើងរបស់គាត់អាចនឹងជាសះស្បើយមុនការប្រកួតស៊ីហ្គេមបានដែរឬទេ? នេះជាចំណុចដែលខ្ញុំយល់ស្របជាមួយទស្សនៈរបស់លោកឧកញ៉ា ស្រី ចាន់ថន ពាក់ព័ន្ធនឹងការរៀបចំប្រកួត ដែលសុំឱ្យសហព័ន្ធកីឡាប្រដាល់យកចិត្តទុកដាក់”។

សូមជម្រាបថា អនុសាសន៍របស់សម្ដេចតេជោ បានធ្វើឡើងបន្ទាប់ពីការប្រកួតរវាងកីឡាករ ឈឿង ល្វៃ និងកីឡាករថៃ សាមិ បេនចាមេក នៅលើទឹកដីខេត្តសៀមរាប នាឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ នាពេលកន្លងទៅ ដែលបានបង្កភាពចម្រូងចម្រាសរវាងអ្នកគាំទ្រគុនខ្មែរ នៅលើបណ្ដាញសង្គមជុំវិញការប្រកួតមួយនេះ៕


អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង