ពិធីរត់ភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ បានបញ្ចប់ដោយជោគជ័យនៅកីឡដ្ឋាន Rajamangala ក្នុងទីក្រុងបាងកក ប្រទេសថៃ នាល្ងាចថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣។
ពិធីដែលបានធ្វើឡើងនៅវេលាម៉ោង ៣:៣០នាទីរសៀល មានការអញ្ជើញចូលរួមដោយលោក ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាបេសកជនពិសេសតំណាង CAMSOC, បណ្ឌិត Gongsak Yodmani អភិបាលនៃអាជ្ញាធរកីឡាថៃ, លោក ហ៊ុន សារឿន ឯកអគ្គរាជទូតកម្ពុជាប្រចាំព្រះរាជាណាចក្រថៃ, លោក Dato’ Seri Chaiyapak Sriwat អនុប្រធានគណៈកម្មាធិការជាតិអូឡាំពិកថៃ និងជាប្រធានប្រតិបត្តិសហព័ន្ធកីឡអាស៊ីអាគ្នេយ៍, លោក Osoth Bhavilia ប្រធានសហព័ន្ធកីឡាជនពិការអាស៊ីអាគ្នេយ៍, លោក Vitch Davahasdin អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកថៃ, លោក Naiyanobh Bhirombhakdi ប្រធានគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកថៃ និងភ្ញៀវកិត្តិយស អត្តពលិកថៃ ប្រមាណជិត ៤០០នាក់។
ក្នុងឱកាសនេះ លោក ហោ សារុន មានប្រសាសន៍ថា៖ “កម្ពុជា-ថៃ គឺជាប្រទេសជិតខាងដែលមានទំនាក់ទំនង និងសហប្រតិបត្តិការជាមួយគ្នាស្ទើរតែគ្រប់វិស័យ។ ក្នុងនោះវិស័យកីឡាបានចូលរួមយ៉ាងសំខាន់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ដោយឡែក ពិធីដង្ហែព្រះអគ្គិកីឡានៅថៃថ្ងៃនេះ គឺជាឱកាសមួយទៀតពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងកាន់តែខ្លាំងឡើងមួយកម្រិតទៀត”។
ពិធីរត់ដង្ហែភ្លើងគប់ បានចាប់ផ្ដើមដោយមានចម្ងាយផ្លូវប្រមាណ ៣,៣ គីឡូម៉ែត្រ ចេញពីក្នុងពហុកីឡដ្ឋានជាតិ Rajamangala និងដង្ហែជុំវិញពហុកីឡដ្ឋាន ចូលរួមកាន់ដោយថ្នាក់ដឹកនាំ និងអត្តពលិកថៃរត់បណ្ដាក់គ្នាជាបន្តបន្ទាប់៕