អាជ្ញាធរកីឡារបស់ប្រទេសថៃ បានដាក់ក្ដីរំពឹងថា អត្តពលិកថៃនឹងឈ្នះមេដាយមាសចំនួន១៦៤ គ្រឿងក្នុងចំណោមមេដាយសរុបចំនួន៥៨៣ លើ៣៦ប្រភេទកីឡា នៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣ នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១៧ ខែឧសភា។
គណៈកម្មាធិការជាតិអូឡាំពិកថៃ និងមូលនិធិជាតិអភិវឌ្ឍន៍កីឡាថៃ បានយល់ព្រមលើការចំណាយ ១៥៦ លានបាត (៤,៥៤លានដុល្លារអាមេរិក) លើការបញ្ជូនអត្តពលិកថៃ ទៅចូលរួមព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ឆ្នាំ២០២៣ និងអាស៊ានប៉ារ៉ាហ្គេម នៅរាជធានីភ្នំពេញ ក្នុងខែឧសភា៕