ការត្រួតពិនិត្យទីលានប្រកួតនានា សម្រាប់ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ត្រូវបានធ្វើឡើងជាបន្តបន្ទាប់ ហើយពេលនេះ បានចប់សព្វគ្រប់រៀបរយអស់ហើយ។
នេះជាការបញ្ជាក់របស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ CAMSOC-CAMAPGOC នៅក្រោយការត្រួតពិនិត្យទីលានប្រកួត នៅមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ (ស្តាតចាស់) នាព្រឹកថ្ងៃទី១៩ ខែមេសាឆ្នាំ២០២៣នេះ។
សម្តេចពិជ័យសេនា ទៀ បាញ់ មានប្រសាសន៍ថា៖ “ពេលវេលាយើងជិតមកដល់ហើយ ជាពិសេសគឺព្រឹត្តិការណ៍ប្រកួតស៊ីហ្គេម លើកទី៣២ នៅសល់តែ១៦ថ្ងៃទៀតប៉ុណ្ណោះ ដូច្នេះគ្រប់គណៈកម្មការ ក៏ដូចជាគ្រប់ផ្នែកនានា កំពុងមមាញឹកមែនទែន ក្នុងការត្រួតពិនិត្យគ្រប់ផ្នែក គ្រប់វិស័យទាំងអស់ ជាពិសេស គឺទីលានប្រកួត ត្រូវតែរួចរាល់ មុនអ្វីៗទាំងអស់ ដើម្បីធានាឱ្យបានស្អាត អនាម័យ ព្រមទាំងត្រឹមត្រូវតាមស្តង់ដារអន្តរជាតិផងដែរ។ ជារួម គឺគ្រប់ទិសទីទាំងអស់ យើងបានត្រួតពិនិត្យជាបន្តបន្ទាប់រួចរាល់ចប់សព្វគ្រប់អស់ហើយដោយនៅសល់តែការសម្អាតអនាម័យ តុបតែងស្លាកសញ្ញា និមិត្តសញ្ញា ឱ្យកាន់តែស្រស់ប្រិមប្រិយប៉ុណ្ណោះ”។
បញ្ជាក់ដែរថា ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ មានប្រទេសចំនួន១១ចូលរួមប្រកួតប្រជែងលើប្រភេទកីឡាចំនួន៣៧ ស្មើនឹង ៥៨១ ហើយព្រឹត្តិការណ៍ស៊ីហ្គេមនេះ នឹងដំណើរការជាផ្លូវការ ពីថ្ងៃទី០៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣។
ចំពោះព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ សម្រាប់ក្រុមអត្តពលិកជនពិការ នឹងដំណើរការជាផ្លូវការពីថ្ងៃទី០៣ ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ ដោយមាន១៣ប្រភេទកីឡាស្មើនឹង ៤៣១វិញ្ញាសា៕