បន្ទាប់ពីបានចូលនិវត្តន៍ពីការប្រកួតអន្តរជាតិអស់រយៈពេល១២ឆ្នាំក្រោយឈ្នះក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី២៦ក្នុងឆ្នាំ២០១១ កីឡាការិនី Nguyen Thi Tuyet Mai ដែលទទួលបានជោគជ័យជាច្រើនក្នុងកីឡាសិល្បៈក្បាច់គុនក្នុងស្រុក ប្រដាល់សេរី និងឃីកបុកស៊ីង នឹងវិលត្រឡប់មកកាន់ការប្រកួតសាជាថ្មី នៅក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
នៅអាយុ៣៤ឆ្នាំ Mai នឹងចូលរួមប្រកួតក្នុងកីឡាគុនល្បុក្កតោ ដែលជាកីឡាអត្តសញ្ញាណជាតិរបស់កម្ពុជា ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម។ Mai ត្រូវបានគេរំពឹងថានឹងឈ្នះមេដាយមាសមួយគ្រឿង បន្ទាប់ពីនាងបានឈ្នះមេដាយមាស ក្នុងការប្រកួតជើងឯកល្បុក្កតោអាស៊ីអាគ្នេយ៍ ដែលបានបញ្ចប់កាលពីថ្ងៃទី៣ ខែមេសា នៅរាជធានីភ្នំពេញ។
Mai បានប្រាប់សារព័ត៌មានវៀតណាមថា៖ “ខ្ញុំត្រលប់មកការប្រកួតវិញហើយ បន្ទាប់ពីធ្វើគ្រូបង្វឹករយៈពេល ៤ ឆ្នាំ”។ នាងបន្តថា៖ “ខ្ញុំភ័យបន្តិចដោយបារម្ភថា ខ្ញុំមិនអាចរក្សាកាយសម្បទាល្អបំផុតសម្រាប់ការប្រកួតថ្នាក់អន្តរជាតិនៅក្នុងវ័យរបស់ខ្ញុំ។ ប៉ុន្តែខ្ញុំក៏រំភើប និងមោទកភាពផងដែរដែលមានឱកាស ដើម្បីបម្រើប្រទេសរបស់ខ្ញុំម្ដងទៀត”។
នេះគឺជាការបង្ហាញខ្លួនលើកទី៣របស់ Mai នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ហើយនាងសង្ឃឹមថា នឹងរួមចំណែកដល់ការដណ្តើមបានមេដាយមាសរបស់ប្រទេសវៀតណាម។ នាងគឺជាម្ចាស់មេដាយមាស១គ្រឿងលើកីឡាប្រដាល់សេរី ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី២៥ ឆ្នាំ២០០៩ នៅប្រទេសឡាវ៕