×

អត្តពលិកកីឡាកាយសម្ព័ន្ធកម្ពុជាចេញទៅប្រកួតនៅកម្មវិធីពិភពលោកនៅជប៉ុន ត្រៀមស៊ីហ្គេម

ក្រុមកីឡាករ-កីឡាការិនីជម្រើសជាតិកាយសម្ព័ន្ធកម្ពុជា ប្រភេទ Aerobic ចំនួន ៩ រូប បានធ្វើដំណើរទៅកាន់ប្រទេសជប៉ុន កាលពីថ្ងៃទី១៩ ខែមេសា ដើម្បីទៅចូលរួមការប្រកួតជើងឯកពិភពលោក មុនពេលស៊ីហ្គេមនៅកម្ពុជាចាប់ផ្ដើម។ នេះបើយោងតាម Camsoc ។

លោក ណយ ផាន់ណា អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានឱ្យដឹងថា៖ “ព្រឹត្តិការណ៍នេះ ជាព្រឹត្តិការណ៍មួយដ៏ល្អសម្រាប់យើង ហាក់ដូចជាការត្រៀមលក្ខណៈសម្រាប់ការចូលរួមការប្រកួតព្រឹត្តិការណ៍ស៊ីហ្គេមនៅកម្ពុជាយើងដូច្នេះដែរ។ អ៊ីចឹង យើងសង្ឃឹមថា ការទៅចូលរួមនោះ ជាការយកបទពិសោធមួយដ៏ល្អ ហើយយើងអាចវាយតម្លៃបានទៅលើការប្រកួតនោះ។ ព្រឹត្តិការណ៍ដែលយើងចូលរួមនេះ ហាក់ដូចជាការត្រៀមស៊ីហ្គេមរបស់យើងតែម្ដង”។

ការចូលរួមនោះមាន ១៨ប្រទេស ឬអាចខុសនេះតិចតួច ពោលគឺស្ថិតនៅចន្លោះពី១៥ ទៅ១៨ប្រទេស ក្នុងនោះ ក៏មានប្រទេសនៅតំបន់អឺរ៉ុបចូលរួមដែរ ហើយសុទ្ធតែជាជើងខ្លាំងក្នុងពិភពលោក។ ប៉ុន្តែទោះបីជាយ៉ាងណា កម្ពុជាត្រូវតែចូលរួមដើម្បីវាស់ស្ទង់កម្រិតសមត្ថភាពរបស់កីឡាករ-កីឡាការិនី។

ក្នុងការទៅចូលរួមកម្មវិធីនេះ គឺកម្ពុជាបានដាក់គោលដៅថា នឹងធ្វើយ៉ាងណាអាចឈានជើងចូលវគ្គផ្ដាច់ព្រ័ត្រឱ្យបាន។ ជាមួយគ្នានោះ កម្ពុជាក៏មានការប្ដេជ្ញាចិត្តថា ត្រូវតែយកមេដាយជូនជាតិផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង