ទូច រ៉ាឆាន់ ដែលគ្រប់គ្នាស្គាល់ថា បឺត សង្ឃឹម គឺជាម្ចាស់មេដាយមាស១គ្រឿង និងតែមួយគត់ លើវិញ្ញាសាឃីកបុកស៊ីង ដែលដណ្ដើមបានជូនកម្ពុជា នៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ នៅទីក្រុងហាណូយ ប្រទេសវៀតណាម កាលពីឆ្នាំមុន។
បឺត សង្ឃឹម ដែលមានដើមកំណើតពីខេត្តកំពង់ឆ្នាំង បានយកឈ្នះកីឡាករថៃ នៅវគ្គផ្ដាច់ព្រ័ត្រ ទម្ងន់ ៥៧គីឡូក្រាម លើវិញ្ញាសា Full Contact ។ រូបគេបានប្ដេជ្ញាថា នឹងការពារមេដាយរបស់ខ្លួននៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នាខែឧសភាខាងមុខនេះ។
ជាមួយគ្នានេះ កម្ពុជាបានឈ្នះមេដាយប្រាក់ ៣គ្រឿង និងសំរឹទ្ធ១គ្រឿងទៀត លើប្រភេទកីឡាឃីកបុកស៊ីងនេះ រួមមាន៖ កីឡាករ កាន់ ម៉េងហុង ឈ្នះមេដាយប្រាក់ លើវិញ្ញាសា Low Kick ទម្ងន់ ៥៤គីឡូក្រាម, កីឡាករ លន បញ្ញា ឈ្នះមេដាយប្រាក់ លើវិញ្ញាសា Full Contact ទម្ងន់ ៦៧គីឡូក្រាម កីឡាករ ឈឿង ល្វៃ ឈ្នះមេដាយប្រាក់ លើវិញ្ញាសា Low Kick ទម្ងន់ ៧១គីឡូក្រាម និងកីឡាករ សាន រ៉ាឃីម ទទួលបានមេដាយសំរឹទ្ធ លើវិញ្ញាសា Low Kick ទម្ងន់ ៦៣គីឡូក្រាម៕