×

គ្រូ Man City ថា នឹងដាក់កីឡាករយុវជនក្នុងការប្រកួតទល់នឹង Wycombe Wanderers នៅពានរង្វាន់ EFL Cup

គ្រូបង្គោល Man City លោក Pep Guardiola បាននិយាយថា លោកនឹងដាក់កីឡាករយុវជនក្មេងៗជាច្រើននាក់លេងទល់នឹងក្រុម Wycombe Wanderers នៅក្នុងការប្រកួតពានរង្វាន់ EFL Cup ជុំទី៣ យប់នេះ ត្បិតកីឡាករផ្សេងៗនៅតែបន្តជួបបញ្ហារបួស។

កីឡាករដូចជា Aymeric Laporte, John Stones, Rodri និង Oleksandr Zinchenko សុទ្ធតែខកខានការប្រកួតក្របខណ្ឌ Premier League ទល់នឹង Southampton ដែលធ្វើឱ្យ Man City ត្រូវបានបញ្ចប់ក្នុងលទ្ធផលស្មើគ្នា ០-០ នៅកីឡដ្ឋាន Etihad។

លោក Pep Guardiola បានបង្ហាញថាខ្សែបម្រើ Ilkay Gundogan ក៏ស្ថិតនៅក្នុងមន្ទិលនៅឡើយ ដូច្នេះលោកនឹងត្រូវការប្រើកីឡាករយុវជនក្នុងការប្រកួតជុំទី៣ ពានរង្វាន់ EFL Cup។

លោក Guardiola បាននិយាយថា “ខ្ញុំគ្មានជំរើសទេ។ យើងនឹងដាក់កីឡាករវ័យក្មេងពីរ បីនាក់។ វាជាឱកាសល្អសម្រាប់កីឡាករក្រុមយុវជន ហើយវាជាមូលហេតុដែលពួកគេនៅទីនោះ”។

លោកបន្តថា “លោកនឹងសម្លឹងមើលការផ្លាស់ប្តូរកីឡាករសំខាន់ៗមួយចំនួនរបស់លោកទល់នឹងក្រុម League One ដោយសម្លឹងមើលដំណើរទៅកាន់កីឡដ្ឋាន Stamford Bridge នៅថ្ងៃទី ២៥ ខែ កញ្ញា។”

បន្ទាប់ពីជួប Wycombe រួចហើយ Man City នឹងបន្តជួបក្រុមជើងខ្លាំង Chelsea នៅក្របខណ្ឌ Premier League មុនបន្តជួបក្រុមជើងខ្លាំងបារាំង Paris Saint-Germain នៅ UEFA Champions League ហើយបន្ទាប់មកវិលមកក្របខណ្ឌ Premier League ជួបក្រុម Liverpool វិញ ដោយ លោក Pep ថាវាជាការប្រកួតដ៏តានតឹងក្នុងរយៈពេល ៩ ថ្ងៃខាងមុខនេះ ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង