បើយោងតាម Camsoc បានឱ្យដឹងថា នៅរសៀលថ្ងៃចន្ទ ទី២៤ ខែមេសា ឆ្នាំ២០២៣នេះ អ្នកគាំទ្រក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម២២ឆ្នាំយ៉ាងច្រើនកកកុញ បានសម្រុកទៅទទួលសំបុត្រឥតគិតថ្លៃ នៅទីតាំងដែលសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានកំណត់សម្រាប់ការចែកសំបុត្រ។
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានចែកសំបុត្រឥតគិតថ្លៃ នៅទីតាំងទាំង៥ រួមមាន៖ ពហុកីឡដ្ឋានជាតិអូឡាំពិក (ខ្លោងទ្វារធំ), The BLUE Sports Center, Fan Sport Store (Eden Garden mall & Soho Mall), Double H Sport, និង Sport Castle Sornthomok ។
វិធីមួយផ្សេងទៀត គឺអាចចូលទៅទាញយកនិងដំឡើងកម្មវិធី SEA Game 2023 ដើម្បីធ្វើការកក់សំបុត្រតាម App ទុកជាមុន។
ទោះជាយ៉ាងណា នៅរសៀលថ្ងៃដដែល ទីតាំង ១ ក្នុងចំណោមទីតាំងទាំង៥ ខាងលើ បានប្រកាសនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា សំបុត្រឥតគិតថ្លៃសម្រាប់ចែកនៅថ្ងៃនេះ គឺចែកជូនអស់ហើយ។
សូមជម្រាបថា សំបុត្រឥតគិតថ្លៃនេះ គឺសម្រាប់ចូលទស្សនាការប្រកួតទីមួយ ក្នុងពូល A វិញ្ញាសាបាល់ទាត់ផ្នែកបុរសអាយុក្រោម២២ឆ្នាំ នៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ រវាងក្រុមឥណ្ឌូណេស៊ី ទល់នឹងហ្វីលីពីន ហើយនឹងការប្រកួតរវាងកម្ពុជា ទល់នឹងទីម័រខាងកើត នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ខាងមុខនេះ៕