×

ខាន់ ចេសា៖ ខ្ញុំនឹងធ្វើឱ្យកម្ពុជាមានមោទកភាពចំពោះខ្ញុំ ដូចខ្ញុំមានមោទកភាពចំពោះកម្ពុជា

កីឡាការិនី ខាន់ ចេសា បានប្ដេជ្ញាក្នុងការដណ្ដើមយកជ័យជម្នះជូនជាតិ នៅពេលដែលនាងតំណាងឱ្យកម្ពុជា ប្រកួតលើវិញ្ញាសាកីឡាជឺជីតស៊ូ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ម្ចាស់មេដាយមាសកីឡាអាស៊ីឆ្នាំ២០១៨ និងកីឡាស៊ីហ្គេមឆ្នាំ២០១៩នៅប្រទេសហ្វីលីពីន ក្នុងប្រភេទទម្ងន់៤៩គីឡូក្រាមរូបនេះ បានខកខានការប្រកួតកីឡាស៊ីហ្គេម កាលពីឆ្នាំមុន នៅប្រទេសវៀតណាម ដោយសារបញ្ហាលើសទម្ងន់ត្រឹមតែ ២ខាំ ឬ ២០០ក្រាមប៉ុណ្ណោះ។

ទោះជាយ៉ាងណា កីឡាករកូនកាត់អាមេរិករូបនេះ នឹងប្រកួតតំណាងឱ្យកម្ពុជា នៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ដែលធ្វើឡើងនាខែឧសភាខាងមុខនេះ។

កីឡាជឺជីតស៊ូ គ្រោងនឹងចាប់ផ្ដើមប្រកួតនាថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ រាជធានីភ្នំពេញ។

ខាន់ ចេសា បានឱ្យដឹងដូច្នេះថា៖ “លោកប៉ា និងម៉ាក់របស់ខ្ញុំ ធ្លាប់ប្រាប់រឿងរ៉ាវពីកម្ពុជាជាច្រើន ប៉ុន្តែស្គាល់មិនច្បាស់រហូតដល់ខ្ញុំមកដល់ទីនេះ។ កម្ពុជា ខ្ញុំនៅទីនេះជាមួយអ្នក។ ខ្ញុំសង្ឃឹមថា ខ្ញុំនឹងធ្វើឱ្យអ្នកមានមោទកភាពចំពោះខ្ញុំ ដូចខ្ញុំមានមោទកភាពចំពោះអ្នក។”

កីឡាការិនីដែលរស់នៅអាមេរិកបន្តថា៖ “ទោះខ្ញុំនៅទីណាក៏ដោយ ខ្ញុំនៅតែជាខ្មែរ ហើយខ្ញុំដឹងថា នៅពេលដែលខ្ញុំប្រកួត ប្រជាជាតិទាំងមូលនឹងនៅជាមួយខ្ញុំជានិច្ច៕”

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង