លោក Somyot Poompunmuang ប្រធានសហព័ន្ធកីឡាបាល់ទាត់ថៃ បានថ្លែងកាលពីថ្ងៃទី២៥មេសា ថា ទាំងក្រុមជម្រើសជាតិផ្នែកបុរស និងផ្នែកនារី ត្រូវតែឈ្នះមេដាយមាស ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅកម្ពុជា នាពេលខាងមុខ ដើម្បីធ្វើឱ្យជនរួមជាតិសប្បាយរីករាយ។
ឧត្តមសេនីយ៍ Somyot បានមានប្រសាសន៍ថា៖ “ពួកយើងតែងតែគាំទ្រក្រុមបាល់ទាត់បុរស និងក្រុមបាល់ទាត់នារីស្មើៗគ្នា”។ “អ្នកគាំទ្រថៃមានការរំពឹងទុកខ្ពស់ណាស់សម្រាប់ក្រុមទាំងពីរនៅស៊ីហ្គេម។ គោលដៅរបស់យើងគឺឈ្នះមេដាយមាស និងនាំមកនូវភាពសប្បាយរីករាយជូនដល់អ្នកគាំទ្រថៃ”។
លោក Somyot បាននិយាយបែបនេះ ក្នុងពិធីបើកជាផ្លូវការនូវទីស្នាក់ការថ្មីរបស់សហព័ន្ធកីឡាបាល់ទាត់ថៃ ដែលមានឈ្មោះថា House of Thai Football នៅបរិវេណអគារអាជ្ញាធរកីឡាថៃ។
គួររំឭកថា ថៃបានចាញ់ម្ចាស់ផ្ទះវៀតណាម ក្នុងការប្រកួតបាល់ទាត់បុរស និងនារី នៅវគ្គផ្តាច់ព្រ័ត្រ កាលពីស៊ីហ្គេមឆ្នាំមុន។
ក្រុមបាល់ទាត់បុរសថៃ នឹងចាប់ផ្តើមយុទ្ធនាការរបស់ខ្លួនទល់នឹងសិង្ហបុរីនៅថ្ងៃអាទិត្យ ទី៣០ ខែមេសាសប្ដាហ៍នេះ។ ពួកគេ ស្ថិតនៅក្នុងពូល B ដែលមានវៀតណាម ម៉ាឡេស៊ី និងឡាវ។
ក្រុមបាល់ទាត់នារីថៃ នឹងប្រកួតជាមួយសិង្ហបុរីនៅថ្ងៃទី៣ ខែឧសភា មុនពេលប៉ះឡាវ និងកម្ពុជាក្នុង ពូល B។ ក្នុងពូល A មានក្រុមការពារតំណែងជើងឯកវៀតណាម ហ្វីលីពីន មីយ៉ាន់ម៉ា ម៉ាឡេស៊ី និងឥណ្ឌូណេស៊ី៕