×

នាយករដ្ឋមន្រីថៃ ប្រាប់ឱ្យប្រជាពលរដ្ឋថៃកុំរិះគន់ម្ចាស់ផ្ទះស៊ីហ្គេម និងបង្កបញ្ហា

លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីថៃ បានមានប្រសាសន៍ថា ថៃមិនគួរយកបញ្ហានយោបាយមកលាយឡំជាមួយកីឡា សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម នៅប្រទេសកម្ពុជាឡើយ។

លោក ប្រាយុទ្ធ កាលពីថ្ងៃពុធ បានស្វាគមន៍អត្តពលិក និងមន្ត្រីរបស់ប្រទេសថៃ នៅវិមានរដ្ឋាភិបាល មុនពេលពួកគេចូលរួមប្រកួតកីឡាស៊ីហ្គេម ដែលគ្រោងនឹងធ្វើឡើងចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ១៧ ខែឧសភា។

លោកនាយករដ្ឋមន្ត្រី បានប្រាប់អ្នកសារព័ត៌មានថា៖ “កុំយកកីឡាលាយឡំជាមួយនឹងនយោបាយ។ យើងកំពុងស្ថិតក្នុងដំណើរការបោះឆ្នោតសាកល (ថ្ងៃទី១៤ ឧសភា)។ យើងមិនគួររិះគន់រឿង (កម្ពុជា) របស់គេទេ វាជារឿងរបស់គេ។ យើងមានរឿងរបស់យើង វាជាបញ្ហាផ្សេងគ្នា ហើយកុំយកវាទៅលាយឡំគ្នា។ អ្នកធ្វើបែបនេះ វានឹងក្លាយទៅជាចលាចល។ អ្នកយល់ទេ? យើងមានបញ្ហាផ្ទាល់ខ្លួនជាច្រើន ដូច្នេះកុំរញ៉េរញ៉ៃជាមួយនឹងបញ្ហារបស់គេ។”

មន្ត្រី និងអ្នកគាំទ្រថៃមួយចំនួន នៅតែមិនសប្បាយចិត្តចំពោះការសម្រេចចិត្តរបស់កម្ពុជា ក្នុងការបញ្ចូលវិញ្ញាសាគុនខ្មែរ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២។ មន្ត្រីថៃ នឹងមិនបញ្ជូនអត្តពលិករបស់ខ្លួនមកចូលរួមប្រកួតលើវិញ្ញាសាគុនខ្មែរនោះទេ។

លោកប្រាយុទ្ធបន្តថា៖ “ខ្ញុំបានប្រាប់ប្រជាជនរបស់យើង (មន្ត្រី និងអត្តពលិក) ឱ្យទៅទីនោះ ដើម្បីបង្កើតទំនាក់ទំនង សេចក្ដីរាប់អាន និងការរួបរួមគ្នា។ យើងត្រូវតែអត់ធ្មត់។ មានបញ្ហាជាច្រើនរួចទៅហើយ ហើយយើងមិនគួរបង្កើតបន្ថែមទៀតទេ។ យើងគួរតែរក្សាសន្តិភាព។ យើងទាំងអស់គ្នាគឺជាអ្នកជិតខាងគ្នា”។ ជាមួយគ្នានេះ លោកក៏បានរិះគន់អ្នកដែលវាយប្រហារកម្ពុជាតាមបណ្តាញសង្គមថែមទៀតផង៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង