×

ព្រះអគ្គិជ័យកីឡាបានយកតម្កល់នៅវត្តស្រះកែវមុនីវណ្ណ ដើម្បីធ្វើពិធីសាសនានិងអនុញ្ញាតឲ្យមហាជនថតរូបអនុស្សាវរីយ៍

អត្ថបទ៖ ម៉ាក មេត្តា

ស្ទឹងត្រែង៖ ព្រះអគ្គិជ័យកីឡាត្រូបានដង្ហែយកមកតម្កល់នៅវត្តស្រះកែវមុនីវណ្ណតាមការគ្រោងទុកហើយ ដើម្បីធ្វើពិធីតាមបែបសាសនា នៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣នេះ។

ព្រះអគ្គិជ័យកីឡា ត្រូវបានដាក់តម្កល់នៅក្នុងវត្តស្រះកែវមុនីវណ្ណមួយយប់ ដើម្បីអនុញ្ញាតឱ្យបងប្អូនប្រជាពលរដ្ឋបានចូលមកអបអរសាទរ និងថតរូបទុកជាអនុស្សាវរីយ៍ និងរៀបចំធ្វើពិធីតាមបែបសាសនាថែមទៀត ដើម្បីសុំសេចក្តីសុខចម្រើនជូនប្រជាពលរដ្ឋក្នុងខេត្តស្ទឹងត្រែង។

តាមការឱ្យដឹងពីគណៈកម្មការរៀបចំកម្មវិធីទទួលព្រះអគ្គិជ័យកីឡារបស់រដ្ឋបាលខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃស្អែកទី២៨ ខែមេសា ឆ្នាំ២០២៣ ត្រូវដង្ហែព្រះអគ្គិជ័យកីឡា ចេញពីវត្តស្រះកែវមុនីវណ្ណក្នុងទឹកដីនៃខេត្តស្ទឹងត្រែង បន្តឆ្ពោះទៅប្រគល់ជូនដល់ខេត្តក្រចេះ និងខេត្តបន្តបន្ទាប់រហូតដល់ទីរាជធានីភ្នំពេញ។

សូមបញ្ជាក់ផងដែរថា នៅរាត្រីយប់នេះ រដ្ឋបាលខេត្តស្ទឹងត្រែងរៀបចំពិធីបាញ់កាំជ្រួចផងដែរ នៅក្នុងវត្តស្រះកែវមុនីវណ្ណ ដើម្បីចូលរួមអបអរព្រះអគ្គិជ័យកីឡាឱ្យមានភាពអធិកអធមនិងមហោឡារិកថែមទៀត៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង