សារព័ត៌មានដ៏ល្បីរបស់វៀតណាម ZING បានចុះផ្សាយសរសើរដល់កម្ពុជា ដែលជាម្ចាស់ផ្ទះស៊ីហ្គេម២០២៣ ក្នុងការរៀបចំម្ហូបអាហារដែលមានជីវជាតិ និងទាក់ទាញ ដើម្បីធានាថាអត្តពលិកដែលចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ មានសុខភាពល្អបរិបូរណ៍ដើម្បីលេងឱ្យអស់ពីសមត្ថភាព។
កាលពីថ្ងៃទី២៧ ខែមេសា សារព័ត៌មាន Zing បានរាយការណ៍ថា ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាមអាយុក្រោម២២ឆ្នាំ បានទទួលទានអាហារជាច្រើនមុខ ដែលមានជីវជាតិ និងទាក់ទាញ។ ក្រុមកីឡាកររបស់វៀតណាម បានបង្ហាញការចាប់អារម្មណ៍លើមុខម្ហូប ដែលផ្ដល់ជូននៅក្នុងសណ្ឋាគារមួយ ដែលជាកន្លែងរបស់ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាមបាននិងកំពុងស្នាក់នៅ។
តាមការដកស្រង់សម្ដីរបស់មន្ត្រីបាល់ទាត់វៀតណាម បានឱ្យដឹងថា អាហារដែលផ្ដល់ជូនក្រុមវៀតណាមមានរសជាតិស្រដៀងនឹងអាហារនៅក្នុងប្រទេសវៀតណាមដែរ។ កត្តានេះ ធ្វើឱ្យកីឡាករទាំងអស់ងាយស្រួលក្នុងការបន្ស៊ាំខ្លួននៅកម្ពុជា។
សូមជម្រាបថា ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាមអាយុក្រោម២២ឆ្នាំ ស្ថិតនៅពូល B ជាមួយ ថៃ ម៉ាឡេស៊ី សិង្ហបុរី និងឡាវ។ ពួកគេនឹងប្រកួតជាមួយក្រុមឡាវ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣៕