×

កម្ពុជាឈរលេខ១ក្រោយជ័យជម្នះលើទីម័រខាងកើត ក្នុងប្រកួតដំបូងវិញ្ញាសាបាល់ទាត់បុរសស៊ីហ្គេម

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ (U-22) បានទាញអត្ថប្រយោជន៍មួយនៅក្នុងជ័យជម្នះយ៉ាងសំខាន់ទៅលើក្រុមជម្រើសជាតិទីម័រខាងកើតអាយុក្រោម២២ឆ្នាំ ខណៈក្រុមម្ចាស់ផ្ទះបានស៊ុតចំនួន ៤គ្រាប់ទៅលើក្រុមភ្ញៀវនៅក្នុងការប្រកួតបើកឆាកពូល A វិញ្ញាសាបាល់ទាត់ផ្នែកបុរស នៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ។

គ្រាប់បាល់ ២គ្រាប់ក្នុងវគ្គទីមួយ និង ២គ្រាប់នៅក្នុងវគ្គទីពីររបស់ក្រុមគោព្រៃជំទង់ទល់នឹងទីម័រខាងកើតដែលមិនមានគ្រាប់បាល់នៅក្នុងការប្រកួតបើកឆាកនេះ បានជួយឱ្យកម្ពុជា ឈរនៅចំណាត់ថ្នាក់លេខ១ជាបណ្ដោះអាសន្នក្នុងពូល A បន្ទាប់ពីក្រុមជម្រើសជាតិឥណ្ឌូណេស៊ីអាយុក្រោម២២ឆ្នាំឥណ្ឌូណេស៊ី បានយកឈ្នះទៅលើក្រុមជម្រើសជាតិហ្វីលីពីនអាយុក្រោម២២ឆ្នាំ ដោយលទ្ធផល ៣-០ ក្នុងការប្រកួតមុននៅថ្ងៃជាមួយគ្នា។

លទ្ធផលកាលពីម្សិលមិញ មានន័យថា កម្ពុជាមានគ្រាប់បាល់ចំណេញច្រើនជាងឥណ្ឌូណេស៊ី ដែលត្រូវបានចាត់ទុកជាឧបសគ្គដ៏ធំបំផុតរបស់ក្រុមម្ចាស់ផ្ទះ។

ទីម័រខាងកើតក្រោយចាញ់កម្ពុជា ឈរនៅលេខ៥ រីឯហ្វីលីពីន ឈរនៅលេខ៤។ សម្រាប់ក្រុមជម្រើសជាតិមីយ៉ាន់ម៉ាអាយុក្រោម២២ឆ្នាំ ដែលស្ថិតក្នុងពូល A មិនទាន់ធ្វើការប្រកួតនោះទេ ឈរនៅលេខ៣។

ក្នុងការប្រកួតបន្ទាប់ កម្ពុជានឹងប៉ះហ្វីលីពីន នាថ្ងៃទី២ ខែឧសភា ដោយសម្លឹងរក៣ពិន្ទុបន្ថែមដើម្បីពង្រឹងឱកាសរបស់ខ្លួនក្នុងការឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាលើកទីពីរក្នុងរយៈពេល៤ឆ្នាំ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ខណៈកម្ពុជាធ្លាប់ឈានដល់វគ្គនេះកាលពីឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង