កីឡាករ វ៉ា មិថុនា គឺជាម្ចាស់មេដាយមាស ១គ្រឿង លើវិញ្ញាសាបុរស Kyorugi ទម្ងន់ ៧៤គីឡូក្រាម ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម កាលពីឆ្នាំមុន បន្ទាប់ពីរូបគេបានយកឈ្នះកីឡាករហ្វីលីពីន នៅវគ្គផ្ដាច់ព្រ័ត្រ។
ក្រៅពី វ៉ា មិថុនា មិនមានមេដាយមាសផ្សេងទៀតទេនៅក្នុងប្រភេទកីឡាតេក្វាន់ដូ នៅស៊ីហ្គេមលើកទី៣១ ប៉ុន្តែកម្ពុជាដណ្ដើមបានមេដាយប្រាក់ ១គ្រឿង និងសំរឹទ្ធ ៣គ្រឿងទៀតពីកីឡាមួយប្រភេទនេះ។
កីឡាករដែលចាប់ផ្ដើមហ្វឹកហាត់តេក្វាន់ដូ WT នៅឆ្នាំ២០១៥ ធ្លាប់ចូលរួមប្រកួតជម្រុះព្រឹត្តិការណ៍អូឡាំពិកអាស៊ី ឆ្នាំ២០២១ ដោយកាលនោះរូបគេបានចាញ់នៅជុំដំបូង។
វ៉ា មិថុនា បានឈានដល់វគ្គជម្រុះកាលពីស៊ីហ្គេមឆ្នាំ២០១៧ នៅប្រទេសម៉ាឡេស៊ី និងឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន។ រហូតដល់ស៊ីហ្គេមឆ្នាំ២០២២ ដែលលើកពីឆ្នាំ២០២១ នៅប្រទេសវៀតណាម ទើបរូបគេបានសម្រេចបំណងដើម្បីឈ្នះមេដាយមាសជាលើកដំបូង៕