×

ខេត្តកំពត នឹងរៀបចំការប្រកួតកីឡា១ប្រភេទគត់សម្រាប់ស៊ីហ្គេម២០២៣

កំពត៖ ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ មានទីតាំងប្រកួតនៅក្នុងរាជធានីខេត្តចំនួន ៥ ក្នុងនោះខេត្តកំពតស្ថិតក្នុងចំណោមនោះផងដែរ។ ព្រែកកំពត នឹងរៀបចំការប្រកួតកីឡាទូក។

លោក ហ៊ លីដា ជំនួយការគ្រូបង្វឹកកីឡាករទូកកម្ពុជា បានឱ្យដឹងថា ការហ្វឹកហាត់របស់ក្រុមកីឡាករទូកកម្ពុជា បានបង្កើនសកម្មភាពហ្វឹកហាត់កាន់តែច្រើន និងលឿនជាងមុន ដើម្បីបង្កើនកម្លាំងកាយសម្បទា ភាពអំណត់ ការគ្រប់គ្រងដង្ហើម ឬចង្វាក់បេះដូងឱ្យកាន់តែល្អជាងមុន ដើម្បីឈានទៅយកមេដាយជូនជាតិ។ ក្រុមកីឡាករទាំង ៣៥រូប គ្រូបង្វឹក១រូប និងជំនួយការ ៣រូប បាននិងកំពុងប្រឹងប្រែងខ្លាំង ហើយសង្កេតឃើញថា សន្ទុះកម្លាំងកាយ និងល្បឿននៃការអុំទូករបស់កីឡាករមានភាពល្អប្រសើរជាងមុនច្រើន និងបានរំពឹងថា ក្រុមកីឡាករទូកកម្ពុជា នឹងអាចដណ្តើមយកមេដាយជូនជាតិបានច្រើន។

ដោយឡែកចំពោះទីកន្លែងនៃការប្រកួតកីឡាទូក ត្រូវបានរៀបចំនៅបរិវេណទីលានកីឡាលើទឹកក្នុងខេត្តកំពត ដែលមានការរៀបចំផ្សេងៗ ទាំងឆ្នេរសម្រាប់ប្រកួត និងវេទិកាប្រកួត។ ចំណែកនៅតាមដងផ្លូវ ត្រូវបានដាក់បដាបង្ហាញទីតាំងនៃការប្រកួតកីឡាទូករួចរាល់ហើយដែរ។

តាមការបញ្ជាក់របស់មន្ត្រីជំនាញក្នុងកិច្ចប្រជុំត្រួតពិនិត្យការរៀបចំទីលានប្រកួតកីឡាទូកនៅខេត្តកំពត បានបញ្ជាក់ថា សហព័ន្ធបានទទួលការចុះឈ្មោះប្រទេសចូលរួមចំនួន ៨ប្រទេស លើវិញ្ញាសារកីឡាទូក ១៣វិញ្ញាសា ដែលមានប្រតិភូគណៈកម្មការរៀបចំការប្រកួត និងកីឡាករអន្តរជាតិសរុបចំនួន ២៨៨នាក់។

គួរបញ្ជាក់ថា ការប្រកួតកីឡាទូក ចាប់ផ្ដើមពីថ្ងៃទី១០ ដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង